ព័ត៌មានជាតិ

មន្ត្រីជំនាញក.ប.ប. ចុះពិនិត្យទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែង ក្នុងខណ្ឌដង្កោ រកឃើញខ្ញីហាន់រួចមានលាយសារធាតុគីមីហាមឃាត់

BY
Khmerpress
December 7, 2023
មន្ត្រីជំនាញក.ប.ប. ចុះពិនិត្យទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែង ក្នុងខណ្ឌដង្កោ រកឃើញខ្ញីហាន់រួចមានលាយសារធាតុគីមីហាមឃាត់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែង នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ៖
-ខ្ញីដុំមិនទាន់ហាន់២០៩ថង់ស្មើរ២១៤០គីឡូក្រាម
-មានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ១៧០គីឡូក្រាម។
-មាស៊ីនហាន់ខ្ញី២គ្រឿង ទំងន់ស្មើនឹង១០០គីឡូក្រាម
– ម៉ាស៊ីនលាងខ្ញី១គ្រឿង ទំងន់ ៥០០គីឡូក្រាម
– ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំSodium Hydrosufit ចំនួន ២៥គីឡូក្រាម
-សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន១.៥គីឡូក្រាម។

ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

តាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញបាន៖
⁃ ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥គ.ក. យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានី
⁃ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវ ខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន២០៦៥គីឡូក្រាម។
⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។

ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ (១). 0២៣ ២៣១ ៨៥៦ និង(២). 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Share This Post: