ព័ត៌មានជាតិ

ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

BY
Khmerpress
December 7, 2023
ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅថ្ងៃទី០៦ ខែធ្នូនេះ ។ សម្រាប់ថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ប្រចាំតំបន់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនេះ គឺធ្វើការប្រកួតតែលើប្រភេទអាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។

ជាលទ្ធផលក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងមេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាងដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤គ្រឿង (មាស ១៩ និងប្រាក់ ៥) និងថៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)។

ចំណែកអត្តពលិកប្រទេសផ្សេងទៀត គឺមានក្រុមកីឡាចំបាប់សិង្ហបុរី ដណ្ដើមបានមេដាយ ៤គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ១), ហ្វីលីពីន ដណ្ដើមបានមេដាយ ៩គ្រឿង (ប្រាក់ ៦ និងសំរឹទ្ធ ៣), ឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយ ២គ្រឿង(ប្រាក់ ១ និងសំរឹទ្ធ ១) គ្រាដែលក្រុមកីឡាចំបាប់ឡាវ មិនទាន់ដណ្ដើមបានមេដាយនោះទេ។

សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជានេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ដោយមានអត្តពលិកចូលរួមសរុប ២៧៦នាក់ មកពី ៨ប្រទេស ។ ការប្រកួតបែងចែកជា ៣ប្រភេទ គឺប្រភេទអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមធំ ចាប់ពីអាយុ ២០ឆ្នាំឡើង ។ នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ ក្រោយទទួលបានការស្នើសុំពីបណ្ដាប្រទេសក្នុងតំបន់។

សូមរំឮកថា កាលពីឆ្នាំ២០២២ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) មុនកីឡាចំបាប់កម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១១) ដែលជាការឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រប្រកួតកីឡាស៊ីហ្គេមរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: