សិល្បៈ

ស្រីស្អាត ស៊ីន យូប៊ីន រំលេចឈុតបង្ហាញពីអត្តសញ្ញាណជាតិ និងក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ចូលរួមក្នុងកម្មវិធី «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត

BY
Khmerpress
December 7, 2023
ស្រីស្អាត ស៊ីន យូប៊ីន រំលេចឈុតបង្ហាញពីអត្តសញ្ញាណជាតិ និងក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ចូលរួមក្នុងកម្មវិធី «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត

(ភ្នំពេញ)៖ បង្ហាញខ្លួនដ៏ទាក់ទាញក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត កញ្ញា ស៉ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីនេះ។ ក្នុងបេសកកម្មក្រៅប្រទេសលើកនេះ​ ក៏មិនខុសពីសព្វមួយដងដែរ គឺកញ្ញា ស៊ីន យូប៊ីន តែងតែរំលេចនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ដើម្បីឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។

កម្មវិធី «Redsea Film Festival» នៅប្រទេស អារ៉ាប៊ីសាអូឌីត ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphum ជាដើម។ ប្រការនេះបានធ្វើឲ្យ កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេ ចូលរួមកម្មវិធីនេះ ហើយនាងបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ត្បិតលើកនេះ ក្នុងឈុតរូបដ៏ស្រស់ស្អាតរបស់ស៊ីន យូប៊ីន គឺរំលេចទាំងការបញ្ចូលព្យញ្ជនៈ, ស្រះ និងលេខខ្មែរ។ មហាជន និងអ្នកគាំទ្រតារាសម្ដែង ស៊ីន យូប៊ីន បានសម្ដែងក្ដីត្រេកអរ និងរំភើបចិត្តជំនួសរូបនាង នៅពេលដែលឃើញតារាខ្មែរបានបង្ហាញវត្តមាន យ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ ដែលបានលើកមុខមាត់ជាតិសាសន៍របស់ខ្លួន និងបានធ្វើឲ្យអន្តរជាតិស្គាល់សិល្បៈវប្បធម៌ អក្សរសាស្ត្ររបស់ខ្មែរកាន់តែច្បាស់ ជាកត្តាធ្វើឲ្យទីផ្សាររបស់តារាខ្មែរ កាន់តែរីកសុះសាយ និងល្បីល្បាញខ្លាំងឡើង ពាសពេញពិភពលោក។

អ្វីដែលពិសេសនោះ នាង ត្រូវបានក្រុមអ្នកកាសែតបរទេស តាមប្រមាញ់រូបភាពមិនស្ទើរនោះដែរ ព្រោះតែម៉ូដសម្លៀកបំពាក់ដែលនាងបានគ្រង មើលទៅស័ក្តិសម និងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ ពីក្រសែភ្នែកអ្នកចូលរួមជាច្រើននាក់។

គួរជម្រាបថា កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងរបស់កម្ពុជាមួយរូប ដែលមានប្រជាប្រិយភាពជាខ្លាំង ហើយក៏ជាតារាស្រី ដែលតែងតែមានវត្តមានទៅចូលរួមកម្មវិធីសិល្បៈធំៗនៅលើឆាកអន្តរជាតិជាហូរហែផងដែរ ព្រោះកន្លងទៅមហាជនឃើញថា នាងបានចូលរួមកម្មវិធីល្បីៗដូចជា មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន, ព្រឹត្តិការណ៍បង្ហាញម៉ូដផលិតផលម៉ាកដ៏ល្បី «Dior» នៅប៉ារីស ប្រទេសបារាំង ព្រមទាំងកម្មវិធីលំដាប់អន្តរជាតិជាច្រើនទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: