ព័ត៌មានជាតិ

CUS ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០ភាគរយ ដល់សិស្សនារីនិទ្ទេស A, B ឬ C ចំនួន៧៥ កន្លែងនៅ​ទូទាំងប្រទេស ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែ

BY
Nisaiy KP
December 10, 2023
CUS ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០ភាគរយ ដល់សិស្សនារីនិទ្ទេស A, B ឬ C ចំនួន៧៥ កន្លែងនៅ​ទូទាំងប្រទេស ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែ

(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយ «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋ​កិច្ចជាតិ» និងគោលនយោបាយលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់ឱកាសឱ្យស្រ្តី មានលទ្ធភាព​ទទួល​បាននូវសេវាអប់រំជំនាញវិជ្ជាជីវកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានសម្រេចផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០ភាគរយ ជូនដល់សិស្សស្រីដែលទើបប្រឡងជាប់​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬ C សរុបចំនួន ៧៥កន្លែង។



អាហាររូបករណ៍ថ្លៃសិក្សា១០០ភាគរយ នេះផ្ដល់ជូនសម្រាប់តែសិស្សដែលបានមកចុះឈ្មោះ​មុនគេ​ប៉ុណ្ណោះ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ រួមមាននៅរាជធានីភ្នំពេញផ្ដល់ជូនចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្តកំពង់ធំចំនួន ១០កន្លែង, សាខាខេត្ត​សៀម​រាបចំនួន ១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់​ដំបង​ចំនួន​១០កន្លែង, និងសាខាខេត្តកំពតចំនួន ១០កន្លែង។

ក្នុងគោលបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់សិស្សនារីទាំង៧៥នាក់នេះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS, ក្រុមហ៊ុន ស៊ី យូ អេស គ្រុប, សណ្ឋាគារដ្រេហ្កនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្ត សៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន ១០០,០០០ រៀលបន្ថែមទៀតចំពោះនិស្សិតជានារីទទួលបានអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA, B, C ដែលបាន​បំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកល​វិទ្យាល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជា​ដែលមានការគាំទ្រពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្ន មាន​និស្សិតជិត២ម៉ឺននាក់កំពុងសិក្សាចាប់កម្រិតបរិញ្ញាបត្ររងរហូតដល់បណ្ឌិត ដោយមានក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងដៃគូជាមួយសាកល​វិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លា​ដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល សម្រាប់ផ្តល់ឱកាស​ដល់និស្ស​ចុះ​កម្មសិក្សា ទស្សនកិច្ចសិក្សា និងទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ ត្រូវក្លាយជារោង​ចក្រ​បញ្ញា​ញាណ​ដោយការកសាង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និង​ជោគ​ជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួន​លើឆាក​អន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ។ ជាពិសេសដើម្បីចូលរួមចំណែកសម្រេច​ឱ្យបានទិសដៅដឹកនាំ​របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





Share This Post: