សិល្បៈ

តារាល្បី Angelina Jolie បង្ហើបថា ចង់ចាកចេញពីជីវិតដ៏ធុញថប់នៅហូលីវូដ មករស់នៅក្នុងប្រទេសកម្ពុជា

BY
Khmerpress
December 12, 2023
តារាល្បី Angelina Jolie បង្ហើបថា ចង់ចាកចេញពីជីវិតដ៏ធុញថប់នៅហូលីវូដ មករស់នៅក្នុងប្រទេសកម្ពុជា

(អាមេរិក)៖ កំពូលតារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie ដែលមានសញ្ជាតិអាមេរិក និងកម្ពុជានោះ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន មករស់នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅក្នុងខេត្តបាត់ដំបង ខណៈព័ត៌មាននេះទទួលបានការស្វាគមន៍ជាច្រើនពីប្រជាជនកម្ពុជា ជាពិសេសពីប្រជាជនដែលធ្លាប់រស់នៅជិតផ្ទះ លោកស្រី Angelina Jolie នៅបាត់ដំបងនោះ។

ថ្លែងប្រាប់សារព័ត៌មាន Daily Mall ពលរដ្ឋខ្មែរម្នាក់មានឈ្មោះថា អ៊ឹង ផល្លា បាននិយាយថា «លោកស្រី Angelina Jolie មានរូបសម្បត្តិស្រដៀងនឹងពួកយើង រូបរាងដ៏ស្រទន់ ភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់លោកស្រី គឺមើលទៅដូចជាជនជាតិខ្មែរ»។

ទន្ទឹមគ្នានេះ តារាស្រីវ័យ៤៨ឆ្នាំ Angelina Jolie តាមរយៈកិច្ចសម្ភាសន៍មួយជាមួយកាសែត The Wall Jtreet Journal នៅក្នុងសប្តាហ៍នេះ បាននិយាយថា លោកស្រីគឺចង់ចាកចេញពីជីវិតដ៏ធុញថប់ក្នុងទីក្រុង Los Angeles និងមករស់នៅផ្ទះរបស់លោកស្រីនៅអាស៉ីអាគ្នេយ៍វិញ (ផ្ទះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា)។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអូសបន្លាយពេលជាបន្តបន្ទាប់ ដោយសារមានរឿងក្តីក្តាំនៅតុលាការជាមួយអតីតស្វាមី Brad Pitt មិនទាន់ដាច់ស្រេច។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ការតស៊ូផ្លូវច្បាប់រវាងអតីតប្តីប្រពន្ធទាំងពីជិតបញ្ចប់ហើយ និងបានន័យថា ការចាកចេញពីវិស័យសម្តែងនៅហូលីវូដ មករស់នៅប្រទេសកម្ពុជារបស់លោកស្រីក៏ជិតក្លាយជាការពិតហើយដែរ។

គេនៅចាំបានថា លោកស្រី Angelina Jolie មានទំនងទំនងជាមួយតារាសម្តែង Brad Pitt ក្នុងឆ្នាំ២០០៥ និងបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១៤ ប៉ុន្តែអ្នកទាំងពីរក៏បានចែកផ្លូវគ្នាបន្ទាប់ពីការបាន២ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៦ ហើយចាប់ពីពេលនោះមក រឿងក្តីលែងលះគ្នាបានអួសបន្លាយរយៈពេលប្រាំពីរឆ្នាំហើយ ដើម្បីទាមទារសិទ្ធចិញ្ចឹមកូនទាំង៦នាក់របស់ពួកគេ។

គួរជម្រាបថា កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងបានទិញផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១៥០.០០០ ហិចតា ដែលលោកស្រីធ្លាប់ប្រើប្រាស់ទីតាំងនេះ សម្រាប់ថតពាណិជ្ជកម្មឲ្យក្រុមហ៊ុន Mon Guerlain។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២២ឆ្នាំហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: