សិល្បៈ

ជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក! Taylor Swift ត្រូវគេរកឃើញថា បញ្ចេញឧស្ម័ន «CO2» ជាង១៣៨តោន បំពុលបរិយាកាសច្រើនជាងគេ

BY
Khmerpress
December 22, 2023
ជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក! Taylor Swift ត្រូវគេរកឃើញថា បញ្ចេញឧស្ម័ន «CO2» ជាង១៣៨តោន បំពុលបរិយាកាសច្រើនជាងគេ

(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Taylor Swift ត្រូវបានគេរកឃើញថា បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ជាង ១៣៨តោន ទៅក្នុងស្រទាប់បរិយាកាស ក្នុងរយៈពេលត្រឹម៣ខែប៉ុណ្ណោះ ខណៈមូលហេតុ គឺដោយសារតែនាងជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក។

កាលពីឆ្នាំ២០២២ នាងជាប់ឈ្មោះម្តងហើយ ក្នុងនាមជា «អ្នកបំពុលបរិស្ថានប្រចាំឆ្នាំ» បន្ទាប់ពីរកឃើញថា យន្តហោះរបស់នាង បានបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ច្រើនជាងតារាដទៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dailymail។

នៅពេលបានជួបជាមួយគូស្នេហ៍ថ្មីរបស់ខ្លួន ឈ្មោះថា Travis Kelce នោះ តារាចម្រៀង Taylor Swift ត្រូវបានគេរកឃើញថា ហោះហើរតាមយន្តហោះឯកជនរបស់នាង ច្រើនដងមែនទែនតាមដែលនាងត្រូវការ បើសរុបទៅត្រឹមរយៈពេល៣ខែប៉ុណ្ណោះ នាងបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជាង ១៣៨តោន ទៅក្នុងស្រទាប់បរិយាកាស។ ប្រការនេះត្រូវបានគេរំពឹងថា អាចធ្វើឲ្យនាងជាប់ឈ្មោះជាលើកទី២ ក្នុងនាមជាអ្នកបំពុលបរិស្ថានខ្លាំងជាងគេប្រចាំឆ្នាំ។

តារាចម្រៀងវ័យ៣៤ឆ្នាំ Taylor Swift ត្រូវបានគេដឹងថា មិនត្រឹមតែបានធ្វើដំណើរទៅមករវាងទីក្រុង New York និង Kansas City ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើដំណើរ ទៅសម្តែងនៅអាមេរិកខាងត្បូង សម្រាប់កម្មវិធី «Eras World Tour» ដែលកំពុងបន្តផងដែរ។

គួរជម្រាបថា តារាចម្រៀងរូបនេះ គឺជាម្ចាស់កម្មសិទ្ធយន្តហោះឯកជនចំនួន២ រួមមាន Falcon 7x និង Falcon 900 ហើយបើតាមការសន្និដ្ឋាន តារាចម្រៀងរូបនេះ ត្រូវដាំដើមឈើចំនួន ២.២៨២ដើម ហើយទុកឲ្យដើមឈើទាំងនោះ ដុះលូតលាស់១០ឆ្នាំទៅមុខទៀត ដើម្បីប៉ះប៉ូវការខូចខាត បរិស្ថានដែលបង្កឡើងដោយការហោះហើររបស់នាង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: