សិល្បៈ

ភ្ញាក់ផ្អើល! តារាប្រុសក្នុងរឿង «Parasite» Lee Sun-Kyun ទទួលមរណភាពហើយ

BY
Khmerpress
December 27, 2023
ភ្ញាក់ផ្អើល! តារាប្រុសក្នុងរឿង «Parasite» Lee Sun-Kyun ទទួលមរណភាពហើយ

(កូរ៉េ)៖ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាសម្តែងល្បីរបស់កូរ៉េខាងត្បូង ចូលរួមសម្តែងក្នុងភាពយន្តល្បី «Parasite» លោក Lee Sun Kyun ស្រាប់តែត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងរថយន្ត ត្បិតបច្ចុប្បន្នតារារូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសនៅឡើយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញឿន។ នេះបើតាមការចេaញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា តារាប្រុស Lee Sun Kyun ពិតជាបានបាត់បង់ជីវិតប្រាកដមែន ដោយអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ SPOTV និងឲ្យដឹងថា កម្លាំងប៉ូលិសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរស ដែលបានបាត់បង់ជីវិតនៅក្នុងរថយន្ត គឺជាតារាប្រុស Lee Sun Kyun។ រថយន្តរបស់តារារូបនេះ ត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល។

មុនពេលបញ្ជាក់ថា តារាប្រុសរូបនេះបានបាត់បង់ជីវិតក្នុងរថយន្ត ពោលគឺនៅព្រឹកថ្ងៃទី២៧នេះ ភរិយារបស់តារាសម្តែង Lee Sun Kyun គឺនាង Jeon Hye Jin បានទូរស័ព្ទទៅប៉ូលិស ដើម្បីរាយការណ៍ពីការបាត់ខ្លួនរបស់ស្វាមី។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ភរិយាតារាសម្តែងរូបនេះ បានទូរស័ព្ទទៅប៉ូលិស នៅវេលាម៉ោង១០ និង១២នាទីព្រឹក ដើម្បីរាយការណ៍ថា ប្តីរបស់នាងបានចាកចេញពីផ្ទះ បន្ទាប់ពីបន្សល់ទុកសំបុត្រមួយ។ បន្ទាប់មកប៉ូលិសបានរកឃើញតារារូបនេះ បាត់បង់ស្មារតីក្នុងរថយន្តរបស់លោកនៅម៉ោង១០ និង៣០នាទីព្រឹក។

គួរជម្រាបថា Lee Sun Kyun និង Jeon Hye Jin បានរៀបការនៅឆ្នាំ២០០៩។ តារាប្រុសរូបនេះបានបន្សល់ទុកប្រពន្ធ និងកូនពីរនាក់។ បើនិយាយពីការងារសិល្បៈ តារាសម្តែង Lee បានឈ្នះពានរង្វាន់ «Screen Actors Guild» សម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត «Parasite» ខណៈភាពយន្តនេះបានឈ្នះពានរង្វាន់អូស្ការ ក្នុងឆ្នាំ២០១៩។ ជុំវិញករណីខាងលើនេះ លោកមិនបានធ្វើអត្ថាធិប្បាយជាក់លាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ ដោយលោកគ្រាន់តែប្តេជ្ញាអនុវត្តតាមនិតិវិធី ស៊ើបអង្កេតបន្ត ខណៈប៉ូលីសថា នឹងកោះហៅលោក Lee មកសាកសួរម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: