សិល្បៈ

ជំទាវ ចន ច័ន្ទលក្ខិណា ស្នើសុំក្រសួងវប្បធម៌ និងក្រសួងធម្មការ អញ្ជើញបុគ្គលដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥទ្រ្ទទេវី យាងមកជួយជាតិ ទៅពិគ្រោះយោបល់

BY
Khmerpress
January 3, 2024
ជំទាវ ចន ច័ន្ទលក្ខិណា ស្នើសុំក្រសួងវប្បធម៌ និងក្រសួងធម្មការ អញ្ជើញបុគ្គលដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥទ្រ្ទទេវី យាងមកជួយជាតិ ទៅពិគ្រោះយោបល់

រាជធានីភ្នំពេញ៖ ជំទាវ ចន ច័ន្ទលក្ខិណា ដែលជាប្រធាន​សមាគមន៍​សិល្បៈ បានស្នើសុំទៅក្រសួងវប្បធម៌ និងក្រសួងធម្មការ អញ្ជើញបុគ្គលដែលតាំងខ្លួនជាអ្នកស្នងរូប ព្រះនាងឥទ្រ្ទទេវី យាងមកជួយជាតិ ទៅពិគ្រោះយោបល់។ ការស្នើឡើងបែបនេះ បន្ទាប់ពីឃើញ អ្នកលក់អនឡាញរូបនេះ បានបង្ហោះវីដេអូក្បាច់រាំដែលគេមិនធ្លាប់ស្គាល់ ធ្វើសកម្មភាពជាអ្នកសងរូបនៅទីសក្ការៈមួយកន្លែង និងទទួលរងការរិះគន់យ៉ាងព្រោងព្រាតពេញបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ជំទាវ ចន ច័ន្ទលក្ខិណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើសុំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំគាត់កំពុងតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីយាងមកជួយជាតិ »។

សូមបញ្ជាក់ថា យោងតាមប្រភពវីដេអូ បុគ្គលអ្នកលក់អនឡាញរូបនេះ បានបង្ហោះវីដេអូក្បាច់រាំដែលគេមិនធ្លាប់បានស្គាល់ ហើយតែងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី យាងមកជួយជាតិ និងសូមឱ្យកូនខ្មែរមានការគោរពព្រលឹងដូនតា ដើម្បីជាតិ ថែមទាំងបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាព ដែលខ្លួនបានទៅថ្វាយបង្គំទីតាំងសក្ការៈលោកតា រាជ នៅប្រាសាទអង្គវត្ត និងនៅមុខរូបចម្លាក់នានា នៅប្រាសាទព្រះខ័ន ខេត្តសៀមរាប ក្នុងអាការៈយំសោកស្រណោះ រហូតដល់អ្នកដែលបានឃើញរូបភាពទាំងនេះហើយ មានការហួសចិត្តជាខ្លាំង នូវទង្វើបុគ្គលនេះបានធ្វើឡើង។

ជាមួយគ្នានោះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារផ្ញើជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី ផងដែរ ដោយមានខ្លឹមសារថា៖ «ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាមគឺខ្ញុំសែនគោរពប្រណិបត្តិរៀបឥរិយាបទរៀបឫករៀបពារអោយនឹងធឹងសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិត ឬឃុំគ្រងនាងខ្ញុំដើម្បីសម្តែងអោយសក្ក័សមជាព្រះនាងពិតៗនោះទេ ព្រោះខ្ញុំគិតថាខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ ១០០ភាគរយដែលអាចអោយព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំគិតថាខ្ញុំនៅមាន ទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ហើយសម្តែងជាតួអង្គតំណាងព្រះនាងគឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ។ »

ជំទាវ ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងអោយសោះ ខ្ញុំឃើញទង្វើនិងសកម្មភាពរបស់អ្នកស្នងខ្លះគឺមានកាយវិការរាំមិនសមរម្យទាល់តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាងកុំថាឡើយកាយវិការមុឺងមាត់ហ្មត់ចត់នឹងនរស្ងប់អារម្មណ៍ សូម្បីតែកែវភ្នែកព្រះនាងក៏មិនងាកមើលឆ្វេងស្តាំទេ តែមួយរយៈនេះខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាងប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញការចាប់អារម្មណ៍បែបស្រើបស្រាល ៕ ប្រភព៖ Chanlakhena Chorn

Share This Post: