សិល្បៈ

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «Miss Global 2023» ខណៈមានបេក្ខនារីមកពី ៨២ប្រទេសលើពិភពលោក ចូលរួមប្រកួតប្រជែងសម្រស់

BY
Khmerpress
January 4, 2024
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «Miss Global 2023» ខណៈមានបេក្ខនារីមកពី ៨២ប្រទេសលើពិភពលោក ចូលរួមប្រកួតប្រជែងសម្រស់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ «Miss Global 2023» ប្រចាំឆ្នាំ២០២៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំការប្រកួត ជាមួយនឹងប្រទេសវៀតណាម ខណៈវគ្គផ្ដាច់ព្រ័ត្រ គឺរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានបេក្ខនារីប្រមាណ ៨២រូប តំណាងឲ្យ៨២ប្រទេស នៅជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង។ ការប្រកាសឲ្យដឹងពីព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ដោយអ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលបេក្ខនារីទាំងអស់ បានបង្ហាញខ្លួនសាធារណៈលើកដំបូង ដើម្បីបំពាក់ឆៀងជាផ្លូវការ នៅឯស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកបានប្រើប្រាស់ពេលវេលាយូរគួរសម ដើម្បីចរចាគ្នាទិញសិទ្ធិធ្វើជាម្ចាស់ផ្ទះជាមួយនឹងវៀតណាម រៀបចំកម្មវិធីនេះឡើង។ ប្រទេសវៀតណាម ក៏គេចង់ធ្វើដូចគ្នា ហើយលោកក៏បានសម្រេចចិត្តពិភាក្សា ឲ្យមានការប្រកួតប្រជែងវគ្គមួយចំនួន នៅក្នុងប្រទេសវៀតណាម ដោយយើងសហការគ្នា ធ្វើយ៉ាងណាឲ្យកម្មវិធីប្រកួត «Miss Global 2023» ប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ និងមោទនភាព។ លោកបន្តថា ដោយសារនៅក្នុងឆ្នាំ២០២៣នេះ នៅប្រទេសវៀតណាម បានរៀបចំកម្មវិធីធំៗជាច្រើន ទាក់ទងនឹងសម្រស់រួចទៅហើយ ទើបនៅវគ្គផ្ដាច់ព្រ័ត្រ​ ត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជាវិញម្ដង។

លោក អ៊ិន សុភិន បានបញ្ជាក់បន្ថែមថា គោលដៅសំខាន់ដែលរូបលោក បានខិតខំប្រឹងប្រែងទាក់ទាញរៀបចំព្រឹត្តិការណ៍នេះឡើង គឺលោកចង់ចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកឲ្យបានច្រើន ផ្សព្វផ្សាយពីវប្បធម៌សិល្បៈ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន ព្រោះកម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ជាពិសេសតាមរយៈវិស័យបវរកញ្ញានេះតែម្ដង។ លោកថា តាមរយៈកញ្ញាឯកតំណាងប្រទេសនីមួយៗ ពេលពួកគេមកកាន់ប្រទេសកម្ពុជា ធ្វើការប្រកួតប្រជែង ទោះបីជាជាប់ជយលាភី ឬមិនជាប់ក្ដី ប៉ុន្តែពួកគេនឹងពាំនាំអ្វីដែលល្អៗ ពីប្រទេសកម្ពុជា ទៅប្រាប់ប្រជាជនរបស់ពួកគេឲ្យស្គាល់ និងមកកាន់កម្ពុជាកាន់តែច្រើន។

អ្នកគ្រប់គ្រងរូបនេះបានសង្កត់ធ្ងន់ថា «នេះជាឱកាសល្អសម្រាប់ប្រទេសកម្ពុជាយើង ខ្ញុំមានបេះដូងមួយថា ខ្ញុំធ្វើអ្វីមួយផ្ដោតទៅលើអត្តសញ្ញាណជាតិរបស់យើង អ្វីដែលជាផលប្រយោជន៍រួម ហើយយើងចង់បានពួកគាត់ (បវរកញ្ញា) មក ដើម្បីពាំនាំជួយផ្សព្វផ្សាយពីកម្ពុជា ឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់។ កម្មវិធី Miss Global មិនមែនផ្ដោតសំខាន់តែលើសម្រស់មួយមុខទេ គឺយើងមានចំណុចសំខាន់ជាច្រើនទៀត ដូចជា ទំនាក់ទំនង ភាពក្លាហាន ចំណេះដឹងទូទៅ សមត្ថភាព ចែករំលែកវប្បធម៌គ្នាទៅវិញទៅមក បង្ហាញពីទេសចរ សេវាកម្ម និងការងារជួយសង្គមជាតិជាដើម..!»

លោក អ៊ិន សុភិន បានបន្ថែមទៀតថា តាមរយៈកម្មវិធី Miss Global ឬកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកនានា បានធ្វើឲ្យគេស្គាល់ប្រទេសជាច្រើនលើសកលលោក ដែលពុំសូវបានឮឈ្មោះ ឬស្គាល់ប្រទេសនោះ គឺមានអ្នកស្គាល់ច្រើន នៅពេលដែលបេក្ខនារីតំណាងប្រទេសរបស់ពួកគេ ជាប់ជយលាភី ជាពិសេសប្រទេសនៅតំបន់អាហ្វ្រិក ហើយអ្នកទេសចរ ក៏ចង់ដឹងចង់ស្គាល់ប្រទេសនោះបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធី «Miss Global 2023» នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដោយប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះបេក្ខនារីតំណាងឲ្យកម្ពុជា គឺកញ្ញា ល័ក្ខ មុនីអានីតា ក៏ត្រូវបានបញ្ជូនឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះ ខណៈដែលបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗទៀត សុទ្ធសឹងតែខ្លាំងៗ និងមានសមត្ថភាពល្អដូចៗគ្នា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: