សិល្បៈ

ចូលដល់ដើមឆ្នាំ២០២៤ភ្លាម! តារាចម្រៀង ករុណា ពេជ្រ ប្រកាសក្ស័យធន គ្មានប្រាក់បង់រំលោះផ្ទះបន្ត ខណៈខាតបង់ក្បែរ ២០ម៉ឺនដុល្លារ

BY
Khmerpress
January 4, 2024
ចូលដល់ដើមឆ្នាំ២០២៤ភ្លាម! តារាចម្រៀង ករុណា ពេជ្រ ប្រកាសក្ស័យធន គ្មានប្រាក់បង់រំលោះផ្ទះបន្ត ខណៈខាតបង់ក្បែរ ២០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ គ្រាន់តែចូលដល់ដើមឆ្នាំ២០២៤ ភ្លាម ពោលគឺមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែតារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ បានបង្ហាញដោយឥតលាក់បាំង ពីការខាតបង់ប្រាក់របស់ខ្លួន អំឡុងពេលឆ្នាំ២០២៣ និងហាក់បានត្អូញត្អែរពីជីវភាពដែលមិនសូវលូតលាស់ ហើយក៏មិនអាចបន្តការបង់ប្រាក់រំលោះផ្ទះរបស់ខ្លួន បន្ថែមទៀតបានដែរ ខណៈដែលតារាល្បីឈ្មោះរូបនេះ បានបង្ហាញអារម្មណ៍សោកស្ដាយរបស់ខ្លួន និងបន្តការតាំងចិត្តជាថ្មីសម្រាប់ឆ្នាំ២០២៤ ដើម្បីប្រឹងប្រែងតស៊ូទៅមុខទៀត ព្រោះសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងវិញ។

គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងសំដីផ្អែម ករុណា ពេជ្រ បានសរសេរបញ្ជាក់ច្បាស់ៗថា «ស្រឡាញ់ផ្ទះស្តាយលុយ ប៉ុន្តែធ្វើម៉េចខ្ញុំលែងមានសមត្ថភាពបង់រំលោះបន្ត…ប្រហែលនាពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងប្រគល់ផ្ទះបីល្វែងនេះ ជូនទៅម្ចាស់គម្រោងវិញហើយ ដោយគ្មានការតវ៉ាអីទេ ព្រោះមុនទិញខ្ញុំជាមួយក្រុមហ៊ុនសង់ផ្ទះមានកុងត្រាត្រឹមត្រូវ ហើយយើងដឹងចំណុចណា យើងខុសពីកុងត្រា ព្រោះយើងបោះបង់ការបង់ប្រាក់មុនពេលកំណត់…»

ម្ចាស់បទ «ហេតុអ្វីឲ្យបងស្គាល់អូន» រូបនេះ បានត្អូញត្អែរទៀតថា «បន្ទាប់ពីតស៊ូបង់រំលោះអស់រយៈពេលជិត៤ឆ្នាំកន្លងមក ដោយគិតថាសន្សំៗទៅ ក្រែងលក់បានវិញចំណេញខ្លះ គ្រាន់ដោះស្រាយជីវភាព ប៉ុន្តែមិនគួរចំពេលវេលាកូវីដអូសបន្លាយ វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក ដែលធ្វើឲ្យគាំងលក់អ្វីក៏មិនចេញ បង្វិលលែងរួច..បើគិតជាការប្រាក់ និងសាច់ប្រាក់ដើមអស់ជិត២០ម៉ឺនដុល្លារ..!។ ហ៊ឹម..! មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំចំណាយលុយច្រើនហួស។ ចំណាយមើលជំងឺប៉ារហូតដល់ប៉ាស្លាប់ ធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ជិត ៥០ម៉ឺនដុល្លារ..!។ ទីបំផុត បង់ខាតលើការវិនិយោគទិញផ្ទះខាងលើ ជិត២០ម៉ឺនទៀត សរុបក្បែរ៧០ម៉ឺនដុល្លារ..!»

តារាចម្រៀង ករុណា ពេជ្រ បានរំលេចទៀតថា «ប៉ុន្តែខ្ញុំមិនស្តាយទឹកប្រាក់ដ៏ច្រើនមួយនេះទេ ព្រោះជាប្រាក់ដែលខ្ញុំចំណាយ ចំពោះកាតព្វកិច្ចជាកូនចំពោះប៉ា ហើយមួយទៀតជាការរកស៊ីបង់ខាតដោយទៀងត្រង់ មិនបានបន្លំ ឬកេងចំណេញ រួចចាញ់បោកអ្នកណាម្នាក់ទេ..។ សរសើរខ្លួនឯង ជាពិសេសអរគុណខ្លួនឯង ដែលប្រឹងប្រែងរកស៊ីដោយសុចរិត សន្សំរហូតមានលុយសុទ្ធយ៉ាងច្រើនប៉ុណ្ណេះ ទោះបីជាវាមិនបានចាយក៏ដោយ.. ប៉ុន្តែ Sad (ពិបាកចិត្ត) តិចៗ រួចហើយក៏ញញឹមប្រឹងប្រែងបន្ត…ឆ្នាំថ្មី២០២៤ សូមឲ្យហេងហេង រីឯស៊យសូមឲ្យអស់ត្រឹមនេះចុះ…!»

បើយោងតាមសំណេរខាងលើ ដែលបង្ហោះជាផ្លូវការនេះ តារាចម្រៀង ករុណ ពេជ្រ បានខាតបង់ប្រាក់ជាច្រើនសរុបក្បែរលានដុល្លារឯណោះ។ ថ្វីត្បិតតែបែបនេះក្តី ក្នុងរយៈពេលនេះ ករុណា ពេជ្រ ក៏បានប្រាប់ថា ក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើមានបងប្អូនណា មានចំណាប់អារម្មណ៍ចង់បន្តការទិញ ឬបង់បន្តពីករុណា ពេជ្រ គឺអាចមកពិភាក្សាចរចាគ្នាបាន​ និងលក់វិញត្រឹមតែប្រាក់ដើមប៉ុណ្ណោះ ស្របពេលដែលខ្លួន មិនអាចបន្តដំណើរការបង់ប្រាក់រហូតចប់សព្វគ្រប់បាននោះទេ ព្រោះពេលនេះការរកស៊ីបានខាតប្រាក់អស់ច្រើន គ្មានប្រាក់តម្កល់សម្រាប់បង់បន្តឡើយ។

សូមបញ្ជាក់ថា ផ្ទះបីល្វែងដែលតារាចម្រៀង ករុណា ពេជ្រ បានប្រកាសលក់វិញ គ្រាដែលគ្មានប្រាក់បង់បន្តទៀតនោះ គឺមានទីតាំងចំកណ្តាលក្រុងភ្នំពេញ ជាប់នឹងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: