សិល្បៈ

Brad Pitt ឈ្នះក្តីលើ Angelina Jolie ជុំវិញសំណុំរឿងកម្មសិទ្ធិនៃចម្ការទំពាំងបាយជូរតម្លៃ ៥០០លានដុល្លារ

BY
Khmerpress
February 6, 2024
Brad Pitt ឈ្នះក្តីលើ Angelina Jolie ជុំវិញសំណុំរឿងកម្មសិទ្ធិនៃចម្ការទំពាំងបាយជូរតម្លៃ ៥០០លានដុល្លារ

(បរទេស)៖ ទោះបីលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយក្តី តែអតីតស្វាមីប្តីប្រពន្ធកំពូលតារាហូលីវូដ Brad Pitt និង Angelina Jolie នៅតែមិនទាន់ដាច់ស្រេចគ្នា ដោយសារមានរឿងក្តីជាច្រើនត្រូវដោះស្រាយនៅតុលាការ។ ជាក់ស្តែង ជម្លោះអតីតគូស្វាមីភរិយានេះ បានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៦ នៅពេលដែល Angelina ចង់លក់ចំការទំពាំងបាយជូរ ដើម្បីផ្លាស់ទៅប្រទេសអង់គ្លេស ដើម្បីបន្តសកម្មភាពនយោបាយ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពី Brad Pitt។ តែយ៉ាងណា នាពេលថ្មីៗនេះ ទទួលដំណឹងមកថា ជុំវិញរឿងក្តីចំការទំពាំងបាយជូរ តម្លៃប្រមាណ៥០០លានដុល្លារនេះ ត្រូវបានតុលាការសម្រេចឲ្យ Brad Pitt ជាអ្នកឈ្នះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Firstpost នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

Brad Pitt អះអាងថា ខ្លួនស្រឡាញ់ចំការទំពាំងបាយជូរ Château Miraval ក្នុងប្រទេសបារាំងនេះខ្លាំងណាស់ ហើយបានចំណាយពេលជុសជុលកែលម្អច្រើនណាស់ ទើបលោកមិនចង់លក់វា។ ក្នុងឆ្នាំ២០២២ តារាសម្តែងរូបនេះបានប្តឹងអតីតភរិយារបស់លោក ជាលើកដំបូងពីបទលក់កម្មសិទ្ធិសម្ងាត់ឲ្យ Yuri Shefler ប៉ុន្តែត្រូវបានបាត់បង់ដោយតុលាការ Los Angeles ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់។

តែយ៉ាណានៅពេលេនះ Brad Pitt ត្រូវបានគេរាយការណ៍ថា បានឈ្នះជុំចុងក្រោយនៃការតទល់គ្នាតាមផ្លូវច្បាប់ជាមួយអតីតភរិយា Angelina Jolie ជុំវិញរឿងក្តីចំការទំពាំងបាយជូរតម្លៃជាង៥០០លានដុល្លារ។ អ្នក​ទាំង​ពីរ​បាន​ទិញ​ដី​រួម​គ្នា​មុន​ពេល​រៀប​ការ។ Pitt ត្រូវបានគេរាយការណ៍ថា មានភាគហ៊ុន ៦០ភាគរយនៅក្នុងចម្ការទំពាំងបាយជូរ ខណៈដែល Jolie កាន់កាប់ភាគហ៊ុន ៤០ភាគរយ។ Pitt បានផ្តល់អំណោយដល់ Jolie នូវចំណែកបន្ថែម ១០ភាគរយនៃចម្ការទំពាំងបាយជូរ បន្ទាប់ពីរៀបការហើយ បានបែងចែកទ្រព្យសម្បត្តិជា ៥០-៥០។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបែកគ្នា លោក Pitt ត្រូវបានគេរាយការណ៍ថា បានប្រកែកនៅក្នុងតុលាការថា ការព្រមព្រៀងរបស់គូស្នេហ៍សម្រាប់ភាគហ៊ុន១០ភាគរយបន្ថែម គឺមិនអាចអនុវត្តបានទេ ហើយថាលោកគួរតែទទួលបាន១០ភាគរយនោះមកវិញ។ តុលាការក្រុងលុចសំបួរ បានទទួលយកសំណើនេះ ហើយសម្រេចថា Brad Pitt អាចរក្សាភាគហ៊ុន ៦០% សម្រាប់រយៈពេលមួយឆ្នាំ ឬលើសពីនេះ រហូតដល់បណ្តឹងនេះត្រូវបានបញ្ចប់ទាំងស្រុង។

គួរបញ្ជាក់ថា Angelina Jolie និង Brad Pitt បានបើកចំហចំណងស្នេហ៍ជាសាធារណៈ ក្នុងឆ្នាំ២០០៤ ហើយបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៤ ដោយបានមើលថែកូនចំនួន ៦នាក់ ក្នុងនោះមានកូនចិញ្ចឹមបីនាក់ និងកូនបង្កើតបីនាក់ផងដែរ។ នៅឆ្នាំ២០១៦ Angelina Jolie បានដាក់ពាក្យសុំលែងលះដោយសុំសិទ្ធិចញ្ចឹមកូនៗរបស់ពួកគេ ហើយ Brad Pitt ក៏បានបានចាញ់ក្ដីនៅពេលនោះ ជុំវិញសិទ្ធិចិញ្ចឹមកូនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: