ព័ត៌មានអន្តរជាតិ

GM និង Samsung ចាប់ដៃគ្នាពង្រឹងគុណភាពផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

BY
Nisaiy KP
February 11, 2024
GM និង Samsung ចាប់ដៃគ្នាពង្រឹងគុណភាពផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

(បរទេស)៖ ក្រុមហ៊ុនអាមេរិក General Motors (GM) និង Samsung របស់កូរ៉េខាងត្បូង នឹងសហការរួមគ្នាក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មមួយនៅរដ្ឋ Indiana សហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ៣ពាន់លានដុល្លារ។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់នៅខាងក្រៅទីក្រុង South Bend ហើយអាចបង្កើតការងារផ្នែកផលិតបានរហូតដល់ទៅ ១,៧០០កន្លែងឯណោះ ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនី (EVs) នាពេលអនាគតរបស់ GM ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។


យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន General Motor លោកស្រី Mary Barra បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានជួបជាមួយនឹងបុគ្គលសំខាន់ៗរបស់ Samsung ចំនួន ៣រូបរួមមាន ប្រធានក្រុមហ៊ុន Samsung Display, ប្រធានក្រុមហ៊ុន Electro-Mechanics និង ប្រធានក្រុមហ៊ុន Samsung SDI។

ក្នុងជំនួបនោះលោកស្រី Mary Barra បានឱ្យដឹងថា លោកស្រីបានពិភាក្សាជាមួយនឹងប្រធានក្រុមហ៊ុន Samsung SDI លោក Choi Yoon-ho អំពីអនាគតនៃការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Indiana សហរដ្ឋអាមេរិក ហើយប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ វាគួរតែដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ដោយអាចផលិតថាមពលថ្មបានរហូតដល់ទៅ ៣០ជីហ្គាវ៉ាត់ម៉ោង (30 GWh) ក្នុងមួយឆ្នាំ។

គួរជម្រាបដែរថា ការបណ្តាក់ទុនរួមគ្នារវាង GM និង Samsung គឺជាផ្នែកមួយនៃផែនការរបស់ GM ក្នុងការវិនិយោគនៅក្នុងរោងចក្រផលិតអាគុយរថយន្តអគ្គសិនីនៅសហរដ្ឋអាមេរិកទី៤ របស់ខ្លួន ហើយវាត្រូវបានគេរំពឹងថានឹងជួយផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីបានរាប់លានគ្រឿងឯណោះ។ តាមរយៈការកិច្ចសហការនេះ ចំពោះរថយន្តជំនាន់ក្រោយៗរបស់ GM នឹងឃើញផលិតផលជាច្រើនរបស់ Samsung រួមមាន កាមេរ៉ា ឧបករណ៍ចាប់សញ្ញា (sensor) និងអេក្រង់ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






Share This Post: