ព័ត៌មានអន្តរជាតិ

អតីតបុគ្គលិក Apple ម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ខែ ក្នុងករណីធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់

BY
Khmerpress
February 13, 2024
អតីតបុគ្គលិក Apple ម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ខែ ក្នុងករណីធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់

(បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Arena EV បានឲ្យដឹងថា តុលាការកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចលើករណីបុរសម្នាក់ឈ្មោះ Xiaolang Zhang ដែលជា អតីតបុគ្គលិកក្រុមហ៊ុន Apple ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តន៍ទោសរយៈពេល៤ខែ និងតម្រូវឱ្យបង់ប្រាក់សំណងនៃការខូចខាតចំនួន ១៤៦,៩៨៤ដុល្លារ ក្រោយរកឃើញថា បានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ក្រុមហ៊ុន។

ករណីបែកធ្លាយឯកសារសម្ងាត់ទាក់ទងនឹងបច្ចេកវិទ្យារថយន្តអគ្គិសនី ស្ថិតក្នុងគម្រោង «Project Titan» របស់ Apple បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក្រុមស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក (FBI) និង Apple បានចាប់ផ្តើមសហការគ្នាស៊ើបអង្កេតលើបញ្ហានេះ រហូតឈានដល់ការរកឃើញថា លោក Xiaolang Zhang ទំនងជាបានលួចឯកសារអាថ៌កំបាំងទាក់ទងនឹងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាក់ទងនឹង Project Titan ដែលជាគម្រោងការធំរបស់ Apple ដែលត្រូវបានគេដឹងថាជាគម្រោងសំដៅទៅលើការផលិតបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ឆ្លាតវៃនាពេលអនាគតរបស់ Apple ។

ក្រោយមកភ័ស្តុតាងអំពីសកម្មភាពរបស់លោក Zhang បានលេចឡើងពីសកម្មភាពតាមរយៈបណ្តាញរបស់គាត់នៅក្រុមហ៊ុន Apple និងឧបករណ៍ Apple របស់គាត់ដែលគាត់បានប្រើនាអំឡុងពេលបំពេញការងារនៅក្នុងក្រុមហ៊ុន Apple។ លោក Xiaolang Zhang បានធ្វើការជាវិស្វករលើផលិតផលផ្សេងៗនៅក្នុង Project Titan។ ក្រោយការរកឃើញ និងបង្ហាញភស្តុតាង ចុងក្រោយលោក Zhang ក៏បានសារភាពកំហុសរបស់ខ្លួន ហើយការកាត់ទោសក៏បានសម្រេចធ្វើឡើងនៅពេលនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: