ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់កាហ្វេពីប្រទេសវៀតណាមរំពឹងធ្លាក់ចុះថែមទៀត ខណៈរលកកម្ដៅខ្លាំងនិងការដាំដំណាំផ្សេង

BY
Naren
March 27, 2024
ការផ្គត់ផ្គង់កាហ្វេពីប្រទេសវៀតណាមរំពឹងធ្លាក់ចុះថែមទៀត ខណៈរលកកម្ដៅខ្លាំងនិងការដាំដំណាំផ្សេង

(វៀតណាម)៖ ការផ្គត់ផ្គង់ពិភពលោកនូវកាហ្វេប្រភេទរ៉ូប៊ឺស្តាដែលប្រើក្នុងកាហ្វេ espresso និងភេសជ្ជៈផ្សេងទៀតរំពឹងថានឹងថយចុះថែមទៀត ខណៈរលកកម្ដៅបានគំរាមកំហែងដល់ការផលិតនៅវៀតណាមដែលជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោក និងការផ្លាស់ប្តូររបស់កសិករទៅដាំដំណាំផ្សេងជំនួស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេររបស់ក្រុមហ៊ុនជួញដូកាហ្វេ Tuan Loc Commodities ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញប្រទេសវៀតណាមថា៖ «ជារួម តំបន់ដែលដាំកាហ្វេមានអាកាសធាតុក្តៅហើយស្ងួត។ ខណៈពេលដែលយើងនៅតែស្ថិតក្នុងរដូវប្រាំង ហើយអាកាសធាតុក្ដៅមិនធម្មតា វាគួរឱ្យកត់សម្គាល់ថា ទឹកភ្លៀងបានធ្លាក់មកក្នុងកម្រិតទាបបំផុតរយៈពេល ១០ឆ្នាំ ហើយសីតុណ្ហភាពស្ថិតនៅកម្រិតខ្ពស់»។

ការងាកទៅដាំដំណាំផ្សេងជំនួសកាហ្វេដូចជា ទុរេន បឺរ និងក្រូចវល្លិ៍កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតកាហ្វេនៅក្នុងប្រទេសវៀតណាមរួចទៅហើយ។ សមាគមកាហ្វេវៀតណាមបានឱ្យដឹងថា ការនាំចេញត្រូវបានរំពឹងថានឹងធ្លាក់ចុះ ២០% ក្នុងឆ្នាំគិតត្រឹមខែកញ្ញាពីចំនួន ១,៦៧លានតោនដែលបាននាំចេញកាលពីឆ្នាំមុន។

លោក Nguyen Nam Hai ប្រធានសមាគមកាហ្វេវៀតណាមបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការប្រមូលផលចុងក្រោយឥឡូវនេះបានបញ្ចប់ហើយ ហើយទិន្នផលត្រូវបានគេមើលឃើញថាទាបជាង ២០% ធៀបនឹងចំនួន ១,៨៤លានតោនដែលបានប្រមូលបានកាលពីឆ្នាំមុន។ នោះគឺជាការធ្លាក់ចុះខ្លាំងជាងការព្យាករក្នុងខែវិច្ឆិកាដែលថាធ្លាក់ចុះ ១០% និងឆ្លុះបញ្ចាំងពីការប្រែប្រួលអាកាសធាតុ កង្វះការវិនិយោគ និងការងាកទៅដាំដំណាំផ្សេងពីសំណាក់កសិករ។

លោក Hai បាននិយាយក្នុងបទសម្ភាសមួយថា ការផ្លាស់ប្តូរទៅដំណាំផ្សេងទៀតកំពុងបង្កផលប៉ះពាល់ខ្លាំងជាង។ លោកបានបន្ថែមថា ស្តុកកាហ្វេរបស់កសិករនិងឈ្មួយទិញលក់កាហ្វេមាន «មិនច្រើនទេ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: