ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ហាមបុរសគ្រប់អាយុចូលបម្រើកងទ័ព ធ្វើលិខិតឆ្លងដែន ចេញទៅក្រៅប្រទេស

BY
Naren
April 25, 2024
អ៊ុយក្រែន ហាមបុរសគ្រប់អាយុចូលបម្រើកងទ័ព ធ្វើលិខិតឆ្លងដែន ចេញទៅក្រៅប្រទេស

(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ចេញការហាមឃាត់ជាបណ្ដោះអាសន្នលើបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព ស្នើសុំ ឬធ្វើលិខិតឆ្លងដែនទៅក្រៅប្រទេស ដើម្បីដោះស្រាយការថយចុះចំនួនកងទ័ពនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការដាក់ចេញបម្រាមបណ្ដោះអាសន្នខាងលើ ត្រូវបានប្រកាសដោយក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៤ ខែមេសា តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba ប្រកាសផ្អាកការផ្ដល់សេវាកម្មកុងស៊ុលសម្រាប់បុរសមានអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ហើយបានរិះគន់ផងដែរចំពោះបុរសអ៊ុយក្រែននៅក្រៅប្រទេសមួយចំនួនដែលមិនបានចូលរួមបម្រើកងទ័ព ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីរយៈពេលជាង២៦ខែមកនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអ៊ុយក្រែន សេវាកម្មកុងស៊ុលនឹងត្រូវចាប់ដំណើរការឡើងវិញជាធម្មតា នៅថ្ងៃទី១៨ ខែឧសភា។ បម្រាមខាងលើធ្វើឡើងស្របតាម ច្បាប់ថ្មីមួយស្ដីពីការកែនកងទ័ពបន្ថែមរបស់អ៊ុយក្រែន ក្នុងគោលបំណងបង្កើនចំនួនកងទ័ព និងដាក់ទោសលើអ្នកគេចវេសពីការកែនទ័ពនេះ។ ប្រជាជនអ៊ុយក្រែនបុរស រាប់សែននាក់ដែលគ្រប់អាយុចូលបម្រើកងទ័ព កំពុងរស់នៅឯបរទេស ក្នុងនោះមានជាង ៨៦០ ០០០នាក់កំពុងរស់នៅតាមប្រទេសមួយចំនួនជាសមាជិកសហភាពអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: