ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យ ស្តីពីយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់

BY
Khmerpress
April 1, 2024
លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យ ស្តីពីយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់

(មូស្គូ)៖ ឯកសារដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីបើកយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់ ឱ្យចូលមប្រើយោធាជាកាតព្វកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

បុរសទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានតម្រូវឱ្យបម្រើក្នុងជួរយោធាសម្រាប់រយៈពេល ១ ឆ្នាំ ឬត្រូវទទួលការបណ្តុះបណ្តាលសមមូល ក្នុងអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ កាល​ពី​ខែ​កក្កដា សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​បោះឆ្នោត​ដំឡើង​អាយុ​អតិបរមា​ សម្រាប់​បុរស​ដែល​ត្រូវ​មានកាតព្វកិច្ចចូល​ក្នុង​ជួរ​កងទ័ព ​ពី ២៧ ទៅ ៣០ ឆ្នាំ។ ច្បាប់ថ្មីនេះបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។

គួរជម្រាបថា ការបំពេញកាតព្វកិច្ចយោធា គឺជាបញ្ហាដ៏រសើបមួយក្នុងប្រទេសរុស្សីតាំងពីយូរយារណាស់មកហើយ ដោយបុរសជាច្រើនបានព្យាយាមគេចផុតពីកាតព្វកិច្ចនេះ ដែលកោះហៅចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ។

កាលពីខែកញ្ញា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានបញ្ជាឱ្យកែនទ័ពចំនួន ១៣០,០០០ នាក់ សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ។ ហើយកាលពីនិទាឃរដូវចុងក្រោយ រុស្ស៊ីក៏បានគ្រោងកែនទ័ពចំនួន ១៤៧,០០០នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: