ព័ត៌មានអន្តរជាតិ

ជោគវាសនារបស់ TikTok នៅលើទឹកដីអាមេរិក កំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹង

BY
Naren
April 24, 2024
ជោគវាសនារបស់ TikTok នៅលើទឹកដីអាមេរិក កំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹង

(បរទេស)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងនៅពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ក្នុងការអនុម័តច្បាប់ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនមេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ByteDance បរាជ័យក្នុងការបែងចែកកម្មវិធីវីដេអូខ្លីដ៏ពេញនិយមក្នុងរយៈពេលប្រាំបួនខែខាងមុខទៅមួយឆ្នាំ។

ច្បាប់ថ្មីនេះត្រូវឲ្យក្រុមហ៊ុន ByteDance ធ្វើការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនឯកជនផ្សេង ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន។ ហេតុផលនោះគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេជាមួយនឹងកម្មវិធី TikTok។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថាលោកនឹងចុះហត្ថលេខាលើនេះច្បាប់នៅថ្ងៃពុធ។

ចិន និងអាមេរិក បានប្រយុទ្ធប្រឆាំងគ្នាអស់រយៈពេល៤ឆ្នាំំមកហើយ លើកម្មវិធី TikTok ខណៈដែលបច្ចុប្បន្ន TikTok មានចំនួនអ្នកប្រើប្រាស់រហូតដល់ ១៧០លាននាក់នៅសហរដ្ឋអាមេរិក។ វាគ្រាន់តែជាសង្គ្រាមអ៊ីនធើណែត និងបច្ចេកវិទ្យាមួយដ៏តូចប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកំាង។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាឱ្យខ្លួនដកកម្មវិធីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Meta ដែលមានដូចជា Facebook, Whatsapp និង Threads ចេញពី App Store ក្នុងប្រទេសចិន ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាពសន្តិសុខជាតិ។

អង្គការមិនស្វែងរករកប្រាក់ចំណេញ និងសិទ្ធិមនុស្សមួយរបស់អាមេរិក The American Civil Liberties Union បាននិយាយថា ការហាមប្រាម ឬទាមទារឱ្យមានការដក TikTok នឹង “បង្កើតគំរូជាសកលដ៏គួរឱ្យព្រួយបារម្ភសម្រាប់ការគ្រប់គ្រងរបស់រដ្ឋាភិបាលលើសលប់ មកលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសផ្សេង។

TikTok បានបញ្ជាក់រួចហើយថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: