ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

BY
Naren
April 25, 2024
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម
Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ជា​គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់​សកម្មភាព​មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុមបាល់ទាត់មួយនេះ។

ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ​ប្រកួត​នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោម​មូល​បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង​ដើម្បី​ប្រមូល ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹក​ផ្លូវ​ការ​នៅស្តាត​អូឡាំពិកនាល្ងាច​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមទម្រង់​លេងរបស់ខ្ញុំ គឺ៣.៤.៣។

សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ​ចល​នា​មនុស្សធម៌ និងការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន។

សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា​សម្រាប់​ជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់​កុមារកម្ពុជា។

សម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម​ថវិកា​​ចំនួន ២០០លាន​រៀល។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា សប្បុរសជនចង់​ចូល​រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមាន​លេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: