ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះជាកូនតុងទីនជាច្រើននាក់ ស្នើសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីលើសំណុំរឿងឆបោកលេងតុងទីនតាមអនឡាញនូវទឹកប្រាក់រាប់លានដុល្លារ ពីសំណាក់មេតុងទីនឈ្មោះ គង់ ណាក់នីន

BY
Naren
April 25, 2024
ប្រជាពលរដ្ឋរងគ្រោះជាកូនតុងទីនជាច្រើននាក់ ស្នើសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីលើសំណុំរឿងឆបោកលេងតុងទីនតាមអនឡាញនូវទឹកប្រាក់រាប់លានដុល្លារ ពីសំណាក់មេតុងទីនឈ្មោះ គង់ ណាក់នីន

(ភ្នំពេញ)៖ អស់រយៈពេលជិត១ឆ្នាំហើយ ដែលសំណុំរឿងឆបោកប្រាក់កូនតុងទីនពីសំណាក់មេតុងទីនអនឡាញជាស្ត្រីហាយសូ ឈ្មោះ គង់ ណាក់នីន ត្រូវបានដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ។

ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ដែលបានចាញ់បោកប្រាក់រាប់លានដុល្លារនៅតែពុំទាន់ទទួលបានយុត្តិធម៌ ពោលគឺស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន អាចរស់នៅក្រៅសំណាញ់ច្បាប់ យ៉ាងហ៊ឺហាបំផុត និងមិនព្រមសងលុយទៅកូនតុងទីនវិញនោះទេ។

ក្រុមជនរងគ្រោះ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយធ្វើកិច្ចអន្តរាគមន៍ ក្នុងសំណុំរឿងនេះផង ព្រោះតែបានអូសបន្លាយពេលវេលាជិត១ឆ្នាំទៅហើយ នៅតែមិនទាន់អាចឃាត់ខ្លួនស្ត្រី មេតុងទីនឈ្មោះ គង់ ណាក់នីន យកទៅកាត់ទោសតាមច្បាប់បាននៅឡើយ។

សូមជម្រាបជូនថា ស្ត្រីជាមេតុងទីនឈ្មោះ គង់ ណាក់នីន ជាមេតុងទីនតាមអនឡាញ ត្រូវបានកូនតុងទីនជាច្រើនរូបប្ដឹងទៅតុលាការក្នុងអំពើឆបោកប្រាក់ខ្ទង់លានដុល្លារ កាលពីអំឡុងដើមឆ្នាំ២០២៣។ ក្រោយបើកការស៊ើបសួរ លោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានសម្រេចចោទប្រកាន់លើឈ្មោះ គង់ ណាក់នីន ពីបទ «រំលោភលើទំនុកចិត្ត» យោងតាមមាត្រា៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

តំណាងអយ្យការ បានចេញដីកាបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាំងពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ។ បច្ចុប្បន្នសំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: