ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បន្តអំពាវនាវឱ្យ EU សម្រេចដាក់បម្រាមទិដ្ឋាការលើជនជាតិរុស្ស៉ី

BY
Khmerpress
August 13, 2022
ប្រធានាធិបតីអ៊ុយក្រែន បន្តអំពាវនាវឱ្យ EU សម្រេចដាក់បម្រាមទិដ្ឋាការលើជនជាតិរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវសាជាថ្មី ឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៉ីតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវតែមានការធានាថា ឃាតកនិងអ្នកសមគំនិត នៅក្នុងអំពើឃោរឃៅរបស់រុស្ស៉ី មិនអាចមានឱកាសប្រើប្រាស់ទិដ្ឋាការ សិនហ្កិន (Schengen)»។ លោក ហ្សេនលេនស្គី ចង់សំដៅលើទិដ្ឋាការ ដែលអនុញ្ញាតឱ្យអ្នកកាន់វា អាចធ្វើដំណើរដោយសេរី នៅក្នុងតំបន់គេហៅថា សិនហ្កិន ដែលគ្របដណ្តប់លើប្រទេសអឺរ៉ុបចំនួន២៦។

យ៉ាងណាក្តី លោកប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា សំណើរបស់លោក គឺមិនរាប់បញ្ចូលជនជាតិរុស្ស៉ី ដែលត្រូវការការជួយសង្រ្គោះ ក្រោយពីសុខចិត្តយកសេរីភាព ឬជីវិតពួកគេទៅប្រថុយ តាមរយៈការប្រឆាំងគោលនយោបាយ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ហ្សេនលេនស្គី បានទទូចរួចម្តងហើយ ឱ្យក្រុមប្រទេសលោកខាងលិច ឈប់ស្វាគមន៍ពលរដ្ឋរុស្ស៉ី ចូលប្រទេសពួកគេតទៅទៀត ដើម្បីជាចំណាត់ការមួយប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ទោះបែបនេះក្តី ការអំពាវនាវរបស់លោក នៅមិនទាន់ទទួលបានការគាំទ្រពី ប្រទេសធំៗរបស់ EU នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: