សិល្បៈ

តារាសម្ដែងថៃ Savika Chaiyadej ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពីជាប់ខ្លួនអស់រយៈពេល​ជាង​ ៣​ខែ លើករណីឆបោកក្នុងទីផ្សារ Forex 3D

BY
Khmerpress
December 1, 2022
តារាសម្ដែងថៃ Savika Chaiyadej ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពីជាប់ខ្លួនអស់រយៈពេល​ជាង​ ៣​ខែ លើករណីឆបោកក្នុងទីផ្សារ Forex 3D

តារាសម្ដែងថៃ Savika Chaiyadej ហៅក្រៅ Pinky ត្រូវ​បានគេ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​តម្លៃ ​៥​លាន​បាត ​កាលពី​ម្សិលមិញ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៣​ខែ​ នៅ​ក្នុង​ស្ថាប័ន​កែប្រែ​កណ្តាល​ក្នុង​ទីក្រុង​បាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានផ្តល់ការធានានៅក្រៅឃុំដល់អ្នកនាង Pinky លើលក្ខខណ្ឌដែលនាងមិនចាកចេញពីប្រទេស ត្រូវជូនដំណឹងដល់តុលាការក្នុងរយៈពេលប្រាំ ៧ថ្ងៃ ប្រសិនបើនាងផ្លាស់ប្តូរអាសយដ្ឋាន ហើយត្រូវរាយការណ៍ទៅតុលាការជារៀងរាល់ខែ។

តារាសម្តែងថៃដ៏ល្បីល្បាញរូបនេះ និងជនជាប់ចោទទាំង ១៩ នាក់ផ្សេងទៀត នៅតែប្រឈមមុខនឹងការកាត់ទោសពីតុលាការលើការចោទប្រកាន់ពីបទក្លែងឆបោក លើករណីបោកប្រាស់លុយក្នុងទីផ្សារ Forex 3D ដ៏កក្រើក ដែលបានបោកប្រាស់ជនរងគ្រោះប្រមាណជាង ១៤,០០០ នាក់ ដែលស្មើនឹងទឹកប្រាក់ជិត ២ ពាន់លានបាត (ជាង៥៧លានដុល្លារ)។ អ្នកនាង Pinky មិនបានផ្តល់បទសម្ភាសន៍អ្វីទេ ប៉ុន្តែមើលទៅសប្បាយចិត្តនៅពេលដែលនាងចេញពីទ្វារពន្ធនាគារ ចូលក្នុងរថយន្ត Toyota Fortuner ពណ៌សរបស់មេធាវីរបស់នាង នៅម៉ោងប្រហែល ៧ និង ១៥ នាទីយប់មិញនេះ។ ជម្រាបដែរថា អ្នកនាង Pinky អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ចំពោះការឆបោកលើជនរងគ្រោះទាំង ១៤,០០០ នាក់នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: