ព័ត៌មានអន្តរជាតិ

Elon Musk បញ្ជាក់ថា ៦ខែទៀតនឹងចាប់ផ្តើមសាកល្បងបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស

BY
Khmerpress
December 3, 2022
Elon Musk បញ្ជាក់ថា ៦ខែទៀតនឹងចាប់ផ្តើមសាកល្បងបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស

(បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំទៅលើការពិសោធន៍ដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សនឹងចាប់ផ្តើមសាកល្បងជាផ្លូវការនៅរយៈពេល ៦ខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអះអាងរបស់ Musk បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដោយក្នុងនោះលោកបានបញ្ជាក់បន្ថែមថា «យើងកំពុងតែធ្វើការពិសោធន៍ជាបន្តបន្ទាប់ដោយប្រុងប្រយ័ត្នបំផុត និងប្រាកដថាវានឹងដំណើរការល្អមុនពេលដាក់ឧបករណ៍បន្ទះឈីបនោះចូលទៅក្នុងខួរក្បាលមនុស្ស»។

ជុំវិញកិច្ចប្រជុំរបស់ Musk ក្រុមហ៊ុន Neuralink ក៏បានបង្ហើបឱ្យដឹងដែរថា ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែឆាប់ជាមួយនឹងការកំណត់ចំណុចប្រទាក់រវាងបន្ទះឈីប ទៅនឹងខួរក្បាលរបស់មនុស្ស ដែលវាអាចជួយឱ្យមនុស្សដែលមានពិការភាពអាចវិលមកប្រសើរឡើងវិញបាន។ លើសពីទៅទៀតក្រុមហ៊ុន ក៏កំពុងតែពិនិត្យទៅលើមុខងារស្តាររាងកាយឡើងវិញផងដែរ ជាពិសេសនោះគឺមុខងារសសៃប្រសាទខួរក្បាលដែល Neuralink កំពុងតែបង្កើនការពិសោធន៍ និងយកចិត្តទុកដាក់ជាងមុនទ្វេរដងដើម្បីឱ្យអ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទអាចធ្វើការទំនាក់ទំនងតាមរយៈសម្លេងជាមួយនឹងមនុស្សជុំវិញខ្លួនបាន។

យ៉ាងណាមិញបើតាមការបញ្ជាក់ពីក្រុមហ៊ុន Neuralink ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុនបានធ្វើការពិសោធន៍ទៅលើសត្វស្វានៅឡើយ និងមិនទាន់បានចាប់ផ្តើមពិសោធន៍ទៅលើខួរក្បាលមនុស្សនោះទេ។ ហើយអំឡុងពេលចេញផ្សាយនេះកំពុងតែរង់ចាំការយល់ព្រមពីរដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) ដើម្បីចាប់ផ្តើមសាកល្បងបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្សក្នុងរយៈពេល ៦ខែខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: