សិល្បៈ

អ្នកនាង ចន ចន្ទ័លក្ខិណា ប្រតិកម្មនឹងរូបត្លុកព្រះនាង ឥន្ទ្រទេវី អង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ

BY
Naren
March 9, 2023
អ្នកនាង ចន ចន្ទ័លក្ខិណា ប្រតិកម្មនឹងរូបត្លុកព្រះនាង ឥន្ទ្រទេវី អង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបត្លុករបស់ហាងកាហ្វេមួយ ដែលបង្ហោះអបអរក្នុងថ្ងៃទិវាសិទ្ធិនារី២០២៣ ដែលគំនូរត្លុកក្រោមប្រធានបទ៖ រឹងមាំ ទាន់សម័យ ឯករាជ្យ មាន ព្រះនាងឥន្រ្ទទេវី នាងសីតា នាងទាវ ហើយក៏មានការផ្ទុះជជែកវែកញែក ដោយមានការរិះគន់រូបត្លុកព្រះនាង ឥន្ទ្រទេវី បង្ហាញនូវកាយវិការអង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ ប៉ុន្តែក៏មានការលើកឡើងថាគឺជាសិល្បៈគំនូរកែច្នៃឱ្យប្លែក និងតាមប្រធានបទ រឹងមាំ ទាន់សម័យ ឯករាជ្យ។

ដោយមានហ្វេសប៊ុកផេក ដំណើរ ខ្មែរ បានសរសេររៀបរាប់ថា៖ «តេីលោកអ្នកនាងយល់យ៉ាងណាចំពោះរូបនេះ? សម្រាប់​ដំណេីរខ្មែរ​ សូមសម្តែងនូវការមិនពេញចិត្ត​ចំពោះសកម្មភាពច្នៃប្រតិដ្ឋបែបនេះ​ ហាក់បីដូចជាកំពុងបន្ទាបព្រះកេរ្តិ៍នាម​អង្គក្សត្រីដែលមានព្រះរាជគុណមហាសាលសម្រាប់ជាតិខ្មែរ​ និងវប្បធម៍ខ្មែរ។ តេីព្រះរាជសកម្មភាពនៃព្រះរាជអគ្គមហេសី​ ឥន្រ្ទទេវី​ ព្រះរាជអគ្គសកលវិទ្យាធិការសម័យអង្គរ​ ស្តេចគង់បែបនេះ? ខ្ញុំយល់ណាស់ចំពោះការរីកចម្រេីន​ នៃបច្ចេកវិទ្យា​ក្នុងសង្គម​ តែបេីលូនលឿនរបៀបនេះដូចជាហួសពេកហេីយ»។

ជាមួយគ្នានេះប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ចន្ទ័លក្ខិណា ក៏បានចែករំលែក និងប្រតិកម្មចំពោះរូបត្លុកមួយនេះយ៉ាងដូច្នេះថា ៖«កុំឆ្ងល់ថាហេតុអ្វីបានក្រសួងមានការតឹងរឹងជាការគូររូបត្លុកដើម្បីទាក់ទាញក្នុងការធ្វើទីផ្សារ តែត្រូវគិតពីសីលធម៌និងតម្លៃនៃវប្បធម៌ផង»។

យ៉ាងណាមិញក្រោយពីមានការរិះគន់សម្តែងការមិនពេញចិត្តនឹងរូបត្លុកបែបនេះទំព័រហ្វេសប៊ុកហាងកាហ្វេ Noir ក៏បានលុបចេញនូវរូបភាពនោះដោយជំនួសនូវរូបភាពថ្មី៕

Share This Post: