សិល្បៈ

ភាពយន្តដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី២ បន្ថែមតួអង្គប្រុសៗដល់ទៅ៤នាក់

BY
Khmerpress
June 20, 2023
ភាពយន្តដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី២ បន្ថែមតួអង្គប្រុសៗដល់ទៅ៤នាក់

(កូរ៉េ)៖ បន្ទាប់ពីរឿងភាគដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី១ ដែលបញ្ចេញនៅចុងឆ្នាំ២០២១ ទទួលបានជោគជ័យខ្លាំងស្ទើរមិនគួរឲ្យជឿ នៅពេលនេះ សម្រាប់រដូវកាលទី២ គឺបានត្រឡប់មកវិញបណ្តើរៗហើយ តាមរយៈការបញ្ចេញឈុតខ្លីៗ។ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនៅក្នុងរដូវកាលទី២នេះ បានបន្ថែមនូវតួថ្មីចំនួន៤នាក់ សុទ្ធសឹងតែជាមនុស្សប្រុស។

បើតាមគេហទំព័រព័ត៌មាន Sia Sat Daily បានឲ្យដឹងថា សម្រាប់រដូវកាលទី២នេះ Netflix នឹងបញ្ចេញនៅអំឡុងឆ្នាំ២០២៤ ខណៈចាប់ផ្តើមថតតាំងពីឆ្នាំនេះ។ ក្រុមហ៊ុន Netflix បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Tudum របស់ខ្លួន ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលកាលពីចុងសប្តាហ៍នេះថា រដូវកាលទី២ នៃរឿង «Squid Game» បានបន្ថែមសមាជិក៤ នាក់ទៀតគឺ Yim Si-wan, Kang Ha-neul, Park Sung-hoon និង Yang Dong-guen ខណៈតួថ្មីទាំងបួននាក់នោះ នឹងចូលរួមសម្តែងជាមួយសមាជិកចាស់កាលពីរដូវកាលទី១ គឺ Lee Jung-jae, Lee Byung-Hun, Wi Ha-jun និង Gong Yoo ដែលសុទ្ធតែបានសម្ដែងតួសំខាន់ ក្នុងរដូវកាលទី១។

ការបន្ថែមតួថ្មីចំនួន៤នាក់ សុទ្ធតែមនុស្សប្រុសនេះ ក៏មានមតិមិនពេញចិត្តពីអ្នកទស្សនាផងដែរ ដោយលើកឡើងថា ផលិតករមិនបន្ថែមតួស្រី ឬតួមនុស្សចាស់ ដូចជាវគ្គទី១។ កាលពីវគ្គ១ រឿង Squid Game បង្ហាញពីទិដ្ឋភាពចម្រុះនៃមនុស្សក្នុងសង្គមមានទាំងក្មេង ចាស់ ប្រុស ស្រី ជាច្រើន ដែលក្នុងនោះរួមទាំងជនអន្តោប្រវេសន៍ផងដែរ ខណៈវគ្គថ្មីនេះ ដូចជាគ្មានតួទាំងនោះទៅវិញ។ ទោះជាយ៉ាងនេះក្តី ក៏មានមតិផ្សេងទៀត លើកឡើងថា រឿងមិនទាន់ចាក់ផ្សាយនោះទេ ដូច្នេះគ្រប់គ្នាមិនអាចវាយតម្លៃត្រឹមតែឃ្លីបជាង ១នាទីនោះបានឡើយ។

គួរជម្រាបថា ក្រុមហ៊ុន Netflix ក៏បានប្រកាសចំណងជើង Squid Game វគ្គ២ ដែលមានចំណងជើងថា «Squid Game: The Challenge»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: