សិល្បៈ

លីវ ជីលី ក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យកម្ពុជា ​ចេញទៅប្រកួតក្នុងកម្មវិធី «Miss Supranational 2023» នៅប្រទេសប៉ូឡូញ

BY
Khmerpress
June 26, 2023
លីវ ជីលី ក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យកម្ពុជា ​ចេញទៅប្រកួតក្នុងកម្មវិធី «Miss Supranational 2023» នៅប្រទេសប៉ូឡូញ

(ភ្នំពេញ)៖ តារាម៉ូដែលកម្ពុជាកញ្ញា លីវ ជីលី បានក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី «Miss Supranational 2023» ជាមួយនឹងបេក្ខភាពតំណាងជាង ៧០ប្រទេសទៀតចូលរួម កាលពីរសៀលថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ។

នេះគឺជាលើកទី២ហើយ ដែលបវរកញ្ញា លីវ ជីលី បានតំណាងឲ្យប្រទេសជាតិនៅលើឆាកអន្តរជាតិ ខណៈជាបទពិសោធន៍ នាងក៏ធ្លាប់ទទួលបានជោគជ័យមួយកម្រិត គួរឲ្យកត់សម្គាល់នៅក្នុងចំណោមបណ្តាប្រទេសជាច្រើន ក្រោយខ្លួនមានឱកាសឈានដល់វគ្គ ២០នាក់ នៅក្នុងកម្មវិធី «Miss GrandInternational 2020» បើកទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា នៅក្នុងវិស័យបវរកញ្ញា។

តារាម៉ូដែល លីវ ជីលី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា តាមគម្រោងរូបនាងត្រូវហោះទៅកាន់ប្រទេសប៉ូឡូញ ដែលធ្វើជាម្ចាស់ផ្ទះការប្រកួត «Miss Supran International» នាថ្ងៃទី២៦ មិថុនា ឯណោះទេ តែនាងបានសម្រេចចិត្តទៅមុនកំណត់មួយថ្ងៃ ដើម្បីត្រៀមខ្លួនឲ្យបានស្រួលបន្តិច និងសម្រាកឲ្យបានសមរម្យ មុននឹងចូលរួមក្នុងការប្រកួត។ លីវ ជីលី បន្តថា នាងគ្មានមហិច្ឆតាឈ្នះមកុដ នៅក្នុងប្រទេសប៉ូឡូញនោះទេ ដោយសារតែកម្មវិធី «Miss Supranational» គឺកម្ពុជា ទើបតែចូលបាន២ឆ្នាំប៉ុណ្ណោះ ដែលចាត់ទុកថា បេក្ខនារីតំណាងកម្ពុជា នៅក្មេងខ្ចីខ្លាំង។

លីវ ជីលី បន្ថែមទៀតថា ការសម្រេចចិត្តនោះ គឺដើម្បីជម្នះពាក្យថាមិនកើត និងពាក្យថាដោយសារបែបនេះ ដោយសារបែបនោះទើបគេគាំទ្រ ហើយស្វែងរកសមត្ថភាពមួយជារបស់ខ្លួន បើទោះជាបានតិច ឬបានច្រើន គឺសុំឲ្យជាអ្វីដែលកើតចេញពីសមត្ថភាពផ្ទាល់ខ្លួន។

បេក្ខភាពតំណាងប្រទេស លីវ ជីលី ក៏នៅតែត្រូវការការលើទឹកចិត្ត និងគាំទ្រពីប្រជាជនខ្មែរ ត្បិតខ្លួនមិនឲ្យហ្វេនៗរំពឹងខ្ពស់មកលើរូបនាងពេកទេ ប៉ុន្តែ ជីលី ប្ដេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីនាំជោគជ័យជូនជាតិមាតុភូមិកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: