សិល្បៈ

ទីបំផុត! តារាសម្ដែង អេតវីន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនទៅតុលាការ សួរនាំធ្វើរឿងបែបនេះ លើប្រពន្ធមិនទាន់រៀបការ

BY
Khmerpress
June 22, 2021
ទីបំផុត! តារាសម្ដែង អេតវីន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនទៅតុលាការ សួរនាំធ្វើរឿងបែបនេះ លើប្រពន្ធមិនទាន់រៀបការ

(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះក្នុងមជ្ឈដ្ឋានសិល្បៈ លោក យិត មាសឧស្សាហ៍ ហៅអេតវីន រយៈកាលប៉ុន្មានថ្ងៃចុងក្រោយមកនេះ រូបលោកហាក់កំពុងតែល្បីល្បាញកាន់តែខ្លាំង លើរឿងការប្រើអំហិង្សាយ៉ាងព្រៃផ្សៃ ទៅលើភរិយាមិនទាន់រៀបការរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាឈ្មោះ សុទ្ធ បញ្ចកា ជាស្រ្តីមេម៉ាយកូនពីរ និងជាអតីតប្រពន្ធរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture។

ចំពោះមូលហេតុដែលបង្កឲ្យផ្ទុះ ជាហិង្សានេះឡើង ត្រូវបានភាគីលោកអេតវីន ធ្លាប់បានបង្ហើបឲ្យមហាជនដឹងថា ដោយសារតែមានអ្នកទី៣ ចូលមកជ្រែកស្នេហារបស់លោក ដោយអះអាងតាមរយៈសំណួររបស់មហាជន ក្នុងបណ្ដាញសង្គមថា លោកបានឃើញផ្ទាល់ភ្នែក នៅក្នុងបន្ទប់តែពីរនាក់ជាមួយគ្នា ហើយលោកបានប្រើប្រយោគមួយឃ្លាថា «ពួកគេកំពុងលេងល្បែងចាក់ទឹកដូង»។

យ៉ាងណាមិញ ចាប់តាំពីបង្ហើបឲ្យដឹងពីមូលហេតុចំបងទាំងនេះរួចមក គេសង្កេតឃើញតារាសម្ដែង លោកអេតវីន បានព្យាយាមធ្វើជាមនុស្សស្ងប់ស្ងាត់ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទាំងអស់ ដោយគេសង្កេតឃើញតែអ្នកនាង សុទ្ធ បញ្ចកា នៅតែបន្តរៀបរាប់ពីដំណើររឿងរហូតឈានដល់ហិង្សា និងបដិសេធថា ខ្លួនពុំមានស្នេហាត្រីកោណ ដូចការចោទប្រកាន់ពីសំណាក់ប្ដីក្រៅខោរបស់ខ្លួននោះឡើយ។ អ្វីដែលជាការភ្ញាក់ផ្អើល នៅក្នុងសំណុំរឿងរបស់ពួកគេទាំងពីរ គឺនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនតារាសម្តែងលោក អេនវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News Plus នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះថា អាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនតារាសម្តែងម្នាក់ឈ្មោះ អេនវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយត្រូវចាប់ខ្លួន តាមដីការពាក់ព័ន្ធករណីវាយសង្សារ ជាស្ត្រីមេម៉ាយឲ្យរងរបួស។ ការឃាត់ និងបញ្ជូនខ្លួនជនសង្ស័យឈ្មោះ អេនវីន បានធ្វើឡើងបន្ទាប់ពីមានគណនី Facebook ឈ្មោះ សុទ្ធ កញ្ចកា ជាជនរងគ្រោះបានសរសេរបង្ហោះឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ភ្ជាប់ជាមួយនឹងរូបភាពស្នាមរបួស មើលទៅគួរឲ្យខ្លោចផ្សា។

សូមបញ្ជាក់ថា អ្នកនាង សុទ្ធ កញ្ចកា បានរៀបរាប់ក្នុងខ្លឹមសារដ៏ក្ដុកក្ដួល និងឈឺចាប់ថា «ឈឺអត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុត គឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ។ ប៉ុន្មានថ្ងៃកើតហេតុភ្លាម ខ្ញុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ ខ្ញុំសរសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ។ សាកបិទភ្នែកស្រមៃមើល៍ សាកស្រមៃមើល៍ ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ»។

«ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរង ហើយគេមិនឈប់ទេ គេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅកន្លៀតពួន លើកដៃសំពះគេ បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន តែគេមិនឈប់ដដែល គេវាយយកវាយយកទៀតរហូតខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយគេមកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើឥដ្ឋ ហើយខ្ញុំនៅតែយំសំពះអង្វរគាត់, បងអើយ! ឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ។ សូមនិយាយប៉ុណ្ណឹង ចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សាច់រឿងហេតុ អ្វីទៅជាអញ្ចឹង ហើយពេលនេះខ្ញុំគ្រាំក្នុងក្បាលខ្ញុំ យប់ឡើងឈឺរហូតយំ គេងមិនលក់ ២ថ្ងៃហើយ»។ អ្នកនាង សុទ្ធ កញ្ចកា បញ្ជាក់បន្ថែម។

យ៉ាងណាក្ដី ជនសង្ស័យឈ្មោះ អេនវីន ធ្លាប់បានអះអាងថា ការប្រើអំពើហិង្សានោះ គឺកើតឡើងបន្ទាប់ពីខ្លួនបានតាមទាន់ ជនរងគ្រោះឈ្មោះ សុទ្ធ កញ្ចកា ជាប្រពន្ធ កំពុងលេងចាក់ទឹកដូងក្នុងបន្ទប់ជាមួយប្រុសផ្សេង រហូតធ្វើឲ្យលោក ទប់កំហឹងមិនបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: