Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនដែលជាប់ពិរុទ្ធ មុនលោក ត្រាំ ចូលកាន់តំណែង

BY Liny Chan December 2, 2024
លោក ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនដែលជាប់ពិរុទ្ធ មុនលោក ត្រាំ ចូលកាន់តំណែង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពី បទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ ទី១ ខែធ្នូ) ខ្ញុំបានចុះហត្ថលេខាលើកលែងទោសឱ្យ Hunter កូនប្រុសរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំឡើងកាន់អំណាចមក ខ្ញុំធ្លាប់បាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេ ហើយខ្ញុំបានរក្សាពាក្យសន្យា របស់ខ្ញុំ ដោយសុខចិត្តឈរមើលកូនប្រុសរបស់ខ្ញុំរងការកាត់ទោសដោយអយុត្តិធម៌»

កន្លងមក សេតវិមានបានអះអាងម្ដងហើយម្ដងទៀតថាលោក បៃដិន នឹងមិនលើកលែងទោស ឬក៏បន្ធូរបន្ថយទោសឱ្យកូនប្រុសរបស់លោកនោះទេ ហើយការសម្រេចចិត្តរបស់ លោក បៃដិននៅពេលនេះដែរ ធ្វើឡើងខណៈលោក Hunter Biden ត្រូវប្រឈមមុខនឹងការប្រកាសសាលក្រមផ្ដន្ទាទោសពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធ និងជាប់ពិរុទ្ធពីបទកាន់កាប់កាំភ្លើងខុសច្បាប់នៅថ្ងៃពុធសប្ដាហ៍នេះ។ លើសពីនេះទៅទៀត លោក បៃដិន ផ្ទាល់នឹងត្រូវប្រគល់តំណែងឱ្យលោក ដូណាល់ ត្រាំ ដែលនឹងត្រូវ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ លោក Hunter Biden បានសារភាពពីទោសកំហុសជាប់ពាក់ព័ន្ធនឹងបទចោទគេចវេសបង់ពន្ធ ១.៤លានដុល្លារ ខណៈបានចាយលុយ យ៉ាងហ៉ឺហាលើគ្រឿងញៀន សេវាកម្មផ្លូវភេទ និងរបស់របរប្រណិតៗៗ។ លោក Hunter ត្រូវប្រឈមមុខនឹងការកាត់ទោសក្នុងសំណុំរឿងនេះនៅថ្ងៃទី១៦ ខែធ្នូនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: