ព័ត៌មានអន្តរជាតិ December 7, 2024

UN ព្រមានថា មនុស្សរហូតដល់១.៥លាននាក់ អាចនឹងរត់ភៀសខ្លួន ដោយសារការកើនឡើងនៃជម្លោះ នៅប្រទេសស៉ីរី

Liny Chan

(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សចំនួនរហូតដល់ ១.៥លាននាក់ អាចនឹងត្រូវបង្ខំឱ្យរត់ភៀសខ្លួន ចំពោះមុខការកើនឡើង នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៉ីរី ស្របពេលដែលក្រុមឧទ្ទាម បន្តប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែល១.៥លាននាក់នៅស៉ីរី ដែលនឹង​ត្រូវរត់ភៀសខ្លួន ហើយត្រូវការការគាំទ្រ។

គួរបញ្ជាក់ថា បន្ទាប់ពីសមរភូមិមានការជាប់គាំងអស់ជាច្រើនឆ្នាំ ក្រុមឧទ្ទាមស៉ីរី ស្រាប់តែបានបើកប្រតិបត្តិការវាយលុកចេញពី តំបន់គ្រប់គ្រងស្នូលរបស់ពួកគេ ដែលស្ថិតនៅខេត្ត Idlib ភាគពាយព្យប្រទេស ហើយមកទល់ពេលនេះ ដណ្តើមកាន់កាប់បានទីក្រុងមួយចំនួន ក្នុងរយៈពេលយ៉ាងខ្លី។ សង្រ្គាមស៉ីវិលនៅស៉ីរី ដែលដំបូងមានទម្រង់ជាចលនាបះបោរតាមដងផ្លូវ បានផ្ទុះឡើងតាំងតែពី១៣ឆ្នាំមុន៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News