ព័ត៌មានអន្តរជាតិ December 12, 2024

បក្សកាន់អំណាចកូរ៉េខាងត្បូង បង្ហាញការគាំទ្រដល់ការបោះឆ្នោតដកតំណែង ខណៈលោក Yoon មិនព្រមលាលែងចេញពីតំណែង

Liny Chan

(សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញ ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបានបង្កទៅជាវិបត្តិនយោបាយ និងការខឹងសម្បារពីប្រជាជននៅក្នុងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណបក្សអំណាចប្រជាជន People Power Party ឬហៅកាត់ថា PPP ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានធ្វើពហិការចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសង្ឃឹមថាលោកប្រធានាធិបតីអាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង។ ប៉ុន្តែ មេដឹកនាំបក្ស PPP បាន ទទួលស្គាល់ថាការព្យាយាមបញ្ចុះបញ្ចូលលោក Yoon គឺគ្មានប្រសិទ្ធភាពនោះទេ។ «យើងបានព្យាយាមស្វែងរកមធ្យោបាយល្អប្រសើរ ជាងការបោះឆ្នោតដកតំណែង ប៉ុន្តែ មធ្យោបាយផ្សេងពីនេះគឺគ្មានប្រសិទ្ធភាពឡើយ»។ នេះជាការគូសបញ្ជាក់របស់មេដឹនាំគណបក្ស PPP លោក Han Dong-hoon ដោយបន្ថែមថា «ការព្យួរតំណែង ប្រធានាធិបតីពីតួនាទីរបស់លោកតាមរយៈការបោះឆ្នោតដកតំណែង គឺជាមធ្យោបាយតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដើម្បីការពារប្រជាធិបតេយ្យ និងសាធារណរដ្ឋ (កូរ៉េ)»។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង កំពុងរៀបចំការបោះឆ្នោតដកតំណែងលោក Yoon Suk Yeol នៅសភាជាលើកទី២ ដែលត្រូវបានរំពឹងថាអាចនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News