Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថានឹងជជែកជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន

BY Liny Chan December 17, 2024
លោក ត្រាំ ថានឹងជជែកជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន

(PALM BEACH, Florida)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែ ត្រៀមលក្ខណៈឱ្យហើយ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមចាយពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានមួយនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida បានបន្ថែមទៀតថារូបលោកនឹងជជែកជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន អំពីការនំា សង្រ្គាមអ៊ុយក្រែនទៅរកទីបញ្ចប់ ហើយថារូបលោកមានការតក់ស្លុតជាខ្លាំងនៅពេលបានឃើញរូបភាពសោកនាដកម្មនៃសង្រ្គាមនេះ។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរថាតើរូបលោកជឿថាអ៊ុយក្រែនគួរតែ បោះបង់ចោលទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៉ី ដើម្បីជាថ្នូរបិទបញ្ចប់សង្រ្គាមដែរឬក៏យ៉ាងណា? លោក ត្រាំ មិនបានឆ្លើយតបនឹងសំណួរនេះត្រង់ៗនោះទេ ដោយគ្រាន់តែនិយាយថាភាគច្រើននៃទឹកដីក្នុងជម្លោះ ត្រូវបានបំផ្លិចបំផ្លាញ ហើយគេត្រូវការពេលរាប់ឆ្នាំដើម្បីកសាងឡើងវិញ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ តែលោកមិនបានបញ្ជាក់ថាតើ លោកនឹងបញ្ចប់សង្រ្គាមនេះដោយមានផែនការអ្វីនោះទេ។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: