ព័ត៌មានអន្តរជាតិ December 21, 2024

អាល្លឺម៉ង់៖ មនុស្ស ២នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងករណីរថយន្តបើកបំបុកហ្វូងមនុស្ស នៅផ្សារគ្រីស្មាស់

Liny Chan

(បែរឡាំង)៖ កាលពីយប់ថ្ងៃសុក្រ ទី២០ ខែធ្នូ បុរសម្នាក់បានបើករថយន្ត បំបុកចូលហ្វូងមនុស្សម្នា នៅឯផ្សារគ្រីស្មាស់មួយកន្លែង កណ្តាលប្រទេសអាល្លឺម៉ង់ ជាលទ្ធផលបានបណ្តាលឱ្យ មនុស្សយ៉ាងហោច២នាក់ បាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតរងរបួស មុនពេលជនរូបនោះ ត្រូវបានឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា ហេតុការណ៍ខាងលើបានកើតឡើង នៅទីក្រុង Magdeburg ដែលជារដ្ឋធានីនៃរដ្ឋ Saxony-Anhalt មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបែរឡាំង។ ក្នុងចំណោមមនុស្ស២នាក់ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាកូនក្មេង។ អ្នកបើកបររថយន្តធ្វើសកម្មភាពវាយប្រហារនោះ ជាបុរសអាយុ៥០ឆ្នាំម្នាក់ មានអាជីពជាវេជ្ជបណ្ឌិត និងមកពី​អារ៉ាប៊ីសាអូឌីត ដែលមានទីលំនៅអចិន្រ្តៃយ៍នៅអាល្លឺម៉ង់ ជាទីដែលខ្លួនបានរស់នៅអស់រយៈពេល ជិត២ទសវត្សរ៍មកហើយ។ ចេតនានៅក្រោយ ករណីវាយប្រហារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពី៨ឆ្នាំមុន បុរសម្នាក់ឈ្មោះ Anis Amri ដែលជាជនសុំសិទ្ធិជ្រកកោនបរាជ័យមកពីប្រទេសតួកគី បានបើករថយន្ត​បំបុកចូលហ្វូងមនុស្ស នៅផ្សារគ្រីស្មាស់ក្នុងរដ្ឋធានីបែរឡាំង ដោយសម្លាប់មនុស្ស១២នាក់ និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News