Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ការហាមឃាត់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ីទំនងជិតដល់ទីបញ្ចប់ ខណៈ Apple សម្រេចបោះទុននៅទីនោះខ្ទង់ ១ពាន់លានដុល្លារ

BY Liny Chan December 21, 2024
ការហាមឃាត់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ីទំនងជិតដល់ទីបញ្ចប់ ខណៈ Apple សម្រេចបោះទុននៅទីនោះខ្ទង់ ១ពាន់លានដុល្លារ

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដាក់សំណើវិនិយោគប្រមាណ ១ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីបញ្ចប់ការហាមឃាត់ការលក់ iPhone 16 នៅទីនោះ។ ទាក់ទិននឹងការវិនិយោគនេះ ប្រភពពី Bloomberg បានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក Prabowo Subianto បានយល់ព្រមជាបឋម ហើយបម្រាមនេះទំនងជិតឈានដល់ទីបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ Business Insider។​

ប្រភពដដែលបានឱ្យដឹងថា​ នៅក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍មុន លោក Prabowo Subianto បានប្រាប់ឱ្យមន្ត្រីក្រោមបង្គាប់ទទួលយកការផ្តល់ជូនវិនិយោគចំនួន ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Apple។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ កាលពីខែតុលាកន្លងទៅ ក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple ពីការលក់ iPhone 16 ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ខ្លូន ដែលបានប្រកាសបង្ហាញក្នុងខែកញ្ញា​ ដោយសារតែការមិនគោរពតាមបទប្បញ្ញត្តិក្នុងស្រុក។

ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួន ដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០% នៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក។ ក្រោយមានបម្រាមបែបនេះ កាលពីដើមខែមុន Apple បានសន្យាថានឹងវិនិយោគប្រហែល ១០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅរោងចក្រថ្មីមួយ ដើម្បីគេចផុតពីការហាមឃាត់ ហើយក្រោយមកក៏បានបង្កើនចំនួនទឹកប្រាក់វិនិយោគគុណនឹងដប់ដងនៃចំនួនមុន ពោលគឺដល់ ១០០លានដុល្លារដើម្បីប៉ះប៉ូវផ្លូវចិត្ត ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ ខណៈពេលនោះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «តាមទស្សនៈរបស់រដ្ឋាភិបាល យើងចង់ឱ្យការវិនិយោគមានទំហំធំជាងនេះ» ។ ដូច្នេះហើយ ទើបបានជា Apple សម្រេចបង្កើនការវិនិយោគដល់ ១លានដុល្លារនាពេលនេះ។

ប្រភពពីសារព័ត៌មាន Bloomberg បានគូសបញ្ជាក់ថា ការវិនិយោគនេះនឹងផ្តល់មូលនិធិដល់ការបង្កើតរោងចក្រផលិតចំនួនពីរ។ កន្លែងទី១ នឹងមានទីតាំងនៅលើកោះ Batam ដែលមានគោលបំណងផលិត AirTags ជាមួយនឹងផែនការផលិតក្នុងមួយថ្ងៃចំនួន ២០% នៃផលិតកម្ម AirTag សកល។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារប្រហែល ១,០០០ ដែលរួមចំណែកដល់ការងារក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ ដោយឡែករោងចក្រមួយទៀតនឹងមានទីតាំងនៅ Bandung សម្រាប់ផលិតគ្រឿងបន្លាស់ iPhone។

គួជម្រាបថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី​៤ របស់ពិភពលោកដែលមានប្រជាជនសរុប ២៨០លាននាក់ និងជាទីផ្សារដែលកំពុងរីកចម្រើនសម្រាប់ Apple ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: