Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រកឃើញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព និងដ្រូនបន្ថែមទៅគាំទ្ររុស្ស៊ី

BY Liny Chan December 24, 2024
កូរ៉េខាងត្បូង រកឃើញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព និងដ្រូនបន្ថែមទៅគាំទ្ររុស្ស៊ី

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញសញ្ញាបង្ហាញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព សព្វាវុធ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) បន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមកការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ឱ្យដឹងថា ក្រុងព្យុងយ៉ាងបានផ្តល់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ២៤០ មីលីម៉ែត្រ និងម៉ាស៊ីនបាញ់ដោយខ្លួនឯង ១៧០ មីលីម៉ែត្រ ដល់រុស្ស៊ីរួចហើយ ហើយកំពុងរៀបចំផលិតដ្រូនបន្ថែមទៀត ក្រោយពីមេដឹកនាំ គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តកាលពីខែមុន។

មន្ត្រី JCS បញ្ជាក់ថា «យន្តហោះដ្រូនអត្តឃាត គឺជាកិច្ចការមួយដែលលោក គីម ជុងអ៊ុន បានផ្តោតលើ និងថា កូរ៉េខាងជើងបានបង្ហាញចេតនាចង់ផ្តល់ដ្រូនទាំងនោះទៅឱ្យរុស្ស៊ី»

កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអ៊ុយក្រែន ប៉ាន់ប្រមាណថា មានទាហានកូរ៉េខាងជើងប្រហែល ១២,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ី។ JCS បញ្ជាក់ថា យ៉ាងហោចណាស់ ១,១០០ នាក់ ក្នុងចំណោមពួកគេបានស្លាប់ ឬរងរបួស។

មន្ត្រី JCS ព្រមានថា ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងព្យុងយ៉ាង និងមូស្គូ អាចបង្កការគំរាមកំហែងកាន់តែខ្លាំងដល់សេអ៊ូល ខណៈកូរ៉េខាងជើងធ្វើទំនើបកម្មកងកម្លាំងខ្លួន និងទទួលបានបទពិសោធន៍ប្រយុទ្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: