ការផ្ទុះនៅរោងចក្រគ្រឿងផ្ទុះមួយនៅតួកគី បណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១១នាក់ និងរបួសជាច្រើននាក់
(អ៊ីស្តង់ប៊ុល)៖ ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅរោងចក្រគ្រឿងផ្ទុះមួយ ក្នុងខេត្ត Balikesir ភាគពាយ័ព្យប្រទេសទួកគី កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ៧នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបានប្រកាសថា ការស៊ើបអង្កេតមួយកំពុងត្រូវបានធ្វើឡើង ដើម្បីរកមូលហេតុនៃការផ្ទុះនេះ។
លោក Yerlikaya បាននិយាយថា «មូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ គ្មានការសង្ស័យនៃការបំផ្លិចបំផ្លាញនៅក្នុងឧប្បត្តិហេតុនេះទេ»។
វីដេអូដែលថតនៅកន្លែងកើតហេតុ បានបង្ហាញពីភាពខ្លាំងក្លានៃការផ្ទុះ ដែលបានបំផ្លាញអគាររោងចក្រ និងបង្កឱ្យមានអគ្គីភ័យ។ ក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងជួយសង្រ្គោះជនរងគ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


