Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ចេញអង្ករបម្រុង លក់ទៅឱ្យអ្នកលក់រាយធំៗ ដើម្បីកាត់បន្ថយតម្លៃដែលកំពុងហក់ឡើង

BY Liny Chan May 26, 2025
ជប៉ុន បញ្ចេញអង្ករបម្រុង លក់ទៅឱ្យអ្នកលក់រាយធំៗ ដើម្បីកាត់បន្ថយតម្លៃដែលកំពុងហក់ឡើង

(តូក្យូ)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា រដ្ឋមន្ត្រីកសិកម្មថ្មីរបស់ប្រទេសជប៉ុន បាននិយាយថា រដ្ឋាភិបាលនឹងបញ្ចេញអង្ករបម្រុង លក់ទៅឱ្យអ្នកលក់រាយធំៗ ដេីម្បីធ្វើឱ្យតម្លៃអង្ករសម្រាប់អ្នកប្រើប្រាស់ ថយចុះមកវិញ បន្ទាប់ពីការកើនឡើងនាពេលថ្មីៗនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក Shinjiro Koizumi បាននិយាយថា យុទ្ធសាស្ត្រដេញថ្លៃអង្ករពីឃ្លាំងបម្រុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល បានបរាជ័យក្នុងការកាត់បន្ថយតម្លៃនៅតាមទីផ្សារលក់។ ដូច្នេះ ក្រុមមន្ត្រីបានសម្រេចគ្នាថា នឹងលក់ទៅតាមកិច្ចសន្យាស្ម័គ្រចិត្ត ឱ្យអ្នកលក់រាយធំៗដែលទិញអង្ករ ចាប់ពី ១០ ០០០តោនក្នុងមួយឆ្នាំ។ លោកបន្ថែមថា អង្ករនឹងបញ្ចេញដល់ដៃអ្នកលក់ នៅដើមខែមិថុនា ហើយបរិមាណអង្ករដែលរដ្ឋាភិបាលត្រៀមបញ្ចេញ គឺ ៣០០ ០០០តោន ហេីយអាចពង្រីកថែមទៀត ប្រសិនបើមានតម្រូវការខ្លាំង។

គួរបញ្ជាក់ថា ទិន្នផលស្រូវនៅជប៉ុនបានធ្លាក់ចុះ ដោយសារតែការប្រមូលផលមិនសូវបាន បណ្តាលមកពីអាកាសធាតុក្តៅក្នុងឆ្នាំ ២០២៣ និងការភ័យស្លន់ស្លោទិញអង្ករទុក ព្រោះតែការព្រមានពីគ្រោះរញ្ជួយដី កាលពីឆ្នាំមុន។ ថ្លៃដើមបានហក់ឡើង ក្នុងរយៈពេលប៉ុន្មានខែនេះ បាននាំបញ្ហាថ្មីឱ្យមេដឹកនាំជប៉ុនដែលមិនសូវមានប្រជាប្រិយភាពស្រាប់ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ នាខែកក្កដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: