ព័ត៌មានអន្តរជាតិ May 30, 2025

Elon Musk មានគម្រោងបញ្ចូនយានអវកាស Starship គ្មានមនុស្សបើកជាលើកដំបូង ទៅកាន់ភពអង្គារនៅចុងឆ្នាំ២០២៦

Liny Chan

(បរទេស)៖ ពីរថ្ងៃ បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងយានអវកាសថ្មី សម្រាប់ការធ្វើដំណើរទៅភពអង្គារ Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថាយាននេះនឹងអាចធ្វើដំណើរជាលើកដំបូងដោយគ្មានមនុស្សបើក ទៅកាន់ភពអង្គារនៅចុងឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

Musk បានបង្ហាញពេលវេលា​នៃការអភិវឌ្ឍយានអវកាស Starship ដោយលម្អិតក្នុងវីដេអូមួយដែលត្រូវបានផ្សាយតាមអ៊ីនធឺណិតដោយក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅតំបន់ Los Angeles។ វីដេអូនេះត្រូវបានបង្ហោះបន្ទាប់ពីលោកប្រកាសថា លោកនឹងចាកចេញពីរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនាមជា​ក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ គោលបំណងនៃបេសកកម្មនេះគឺ ដើម្បីសាកល្បងបច្ចេកវិទ្យាសំខាន់ៗ និងប្រមូលទិន្នន័យសម្រាប់បេសកកម្មមានមនុស្សចូលរួមនៅពេលក្រោយ។

បេសកកម្មដំបូងៗនេះ នឹងដឹកមនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា «Optimus» ទៅជួយក្នុងការស្វែងយល់ និងរៀបចំបរិស្ថានលើភពអង្គារ។ បេសកកម្មឆ្នាំ ២០២៦ នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យធំបំផុត ដើម្បីបង្កើតការរស់នៅរបស់មនុស្សជាប្រពៃណីលើភពអង្គារ។ Elon Musk មានគំនិតបញ្ចូន Starship ចំនួន ១,០០០ ដល់ ២,០០០ គ្រឿង រៀងរាល់ពីរឆ្នាំម្តង ដើម្បីកសាងទីក្រុងអចិន្រ្តៃយ៍លើភពអង្គារ។ តែលោកក៏ទទួលស្គាល់ថា មានបញ្ហាបច្ចេកទេសធំៗ ដែលត្រូវដោះស្រាយ ជាពិសេសបច្ចេកវិទ្យាផ្គត់ផ្គង់ប្រេងក្នុងអវកាស។ បើការបញ្ចូនយានតាមគម្រោងនេះពុំទាន់រួចរាល់ទេ វាអាចត្រូវពន្យាពេលទៅឆ្នាំ២០២៨។

ទោះបីជា Starship បានបរាជ័យក្នុងការសាកល្បងខ្លះៗ (រួមទាំងការផ្ទុះចុងក្រោយ) ប៉ុន្តែ SpaceX នៅតែប្តេជ្ញាជំរុញគម្រោងទៅមុខ។ Elon Musk បាននិយាយថា មានឱកាសប្រហែល ៥០% នឹងអាចបញ្ចូនយានអវកាសទៅអង្គារបានក្នុងឆ្នាំ២០២៦៕ ផ្ដល់សិទ្ធិដោយ៖ Fresh News