ឥណ្ឌា៖ មនុស្សយ៉ាងតិច ៧នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីត ក្នុងទីក្រុងបេងហ្គាលូរុ
(បេងហ្គាលូរុ)៖ មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាកន្លែងដែលព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បណ្តាញទូរទស្សន៍ បានបង្ហាញរូបភាពមនុស្សរាប់ពាន់នាក់ ដែលមួយចំនួនគ្រវីទង់ក្រហមរបស់ក្រុម បានឈរតម្រង់ជួរនៅតាមដងផ្លូវឆ្ពោះទៅកាន់កីឡដ្ឋាន Chinnaswamy ដែលស្ថិតនៅកណ្តាលទីក្រុង ខណៈក្រុមគ្រីឃីតបានទៅដល់ទីកន្លែងនោះតាមរថយន្តក្រុងនៅពេលល្ងាច។
ទិដ្ឋភាពបន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា បានបង្ហាញឲ្យឃើញមន្ត្រីប៉ូលីសម្នាក់កំពុងសែងអ្នកទស្សនាដែលរងរបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញមនុស្សម្នាក់ទៀតដែលដេកស្តូកស្តឹងនៅលើដី។
គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នា និងគ្រោះថ្នាក់ផ្សេងៗទៀត មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករនៅក្នុងប្រទេសឥណ្ឌា រួមទាំងក្នុងអំឡុងពេលព្រឹត្តិការណ៍សាសនាផងដែរ។ កាលពីខែមករា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅឯពិធីបុណ្យ Maha Kumbh របស់សាសនាហិណ្ឌូ ខណៈមនុស្សរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីមុជទឹកពិសិដ្ឋនៅថ្ងៃដ៏មង្គលបំផុតនៃពិធីបុណ្យនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



