Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក​ ត្រាំ មិនចាប់អារម្មណ៍និយាយជាមួយលោក Musk ទេ, ផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា

BY Liny Chan June 7, 2025
លោក​ ត្រាំ មិនចាប់អារម្មណ៍និយាយជាមួយលោក Musk ទេ, ផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk នោះទេ ចំពេលមានជម្លោះដ៏ជូរចត់ជុំវិញច្បាប់កាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី។ ការអះអាងនេះ វាផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ្ជាក់ថា គ្មានការហៅទូរស័ព្ទណាមួយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃនោះទេ។

ជម្លោះបានចាប់ផ្តើមប៉ុន្មានថ្ងៃមុន នៅពេលដែលលោក Musk ដែលទើបចាកចេញពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានបរិហារច្បាប់កាត់បន្ថយពន្ធ និងចំណាយរបស់លោក ត្រាំ ថាជា «រឿងគួរឱ្យស្អប់ខ្ពើម» ដែលនឹងបន្ថែមបំណុលជាតិ ៣៦.២ពាន់ពាន់លានដុល្លារ។ ការប្រឆាំងរបស់លោក Musk បានធ្វើឲ្យការអនុម័តច្បាប់នេះ (ដែលជាអាទិភាពរបស់លោក ត្រាំ) កាន់តែស្មុគស្មាញនៅព្រឹទ្ធសភា។

កាលពីថ្ងៃព្រហស្បតិ៍ ការប្រឈមមុខដាក់គ្នាបានកើនឡើងខ្លាំង ដោយលោក ត្រាំ បានគំរាមលុបកិច្ចសន្យារដ្ឋាភិបាលរបស់ក្រុមហ៊ុនលោក Musk ហើយលោក Musk បានឆ្លើយតបដោយគាំទ្រការអំពាវនាវឲ្យទម្លាក់លោក ត្រាំ ពីតំណែង។

គួរបញ្ជាក់ថា ការដួលរលំនៃសម្ព័ន្ធភាពរវាងលោក ត្រាំ និងលោក Musk ដែលធ្លាប់ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់របស់លោក អាចនឹងមានផលវិបាកផ្នែកនយោបាយយ៉ាងជ្រាលជ្រៅសម្រាប់រដ្ឋបាលលោក ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: