ព័ត៌មានអន្តរជាតិ June 12, 2025

សភាវៀតណាម អនុម័តផែនការបង្រួមចំនួនខេត្ត-ក្រុងពី៦៣ មកនៅ៣៤ និងកាត់បន្ថយការងាររដ្ឋជិត៨០ ០០០កន្លែង

Liny Chan

(ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា រដ្ឋសភាវៀតណាម បានអនុម័តផែនការបង្រួមចំនួនខេត្តនិងក្រុង ដោយកាត់បន្ថយការងាររដ្ឋសរុបជិត៨០ ០០០កន្លែង ខណៈវាជាផ្នែកមួយនៃការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះរចនាសម្ព័ន្ធរដ្ឋបាល​របស់ប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមសមាជិករដ្ឋសភានៃប្រទេសវៀតណាម បានបោះឆ្នោតអនុម័តការបង្រួមចំនួនខេត្តនិងក្រុងសរុប៦៣ មកនៅត្រឹម៣៤ ស្របពេលរដ្ឋាភិបាលព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋ។ វាកើតឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានបន្ថយចំនួនក្រសួងក៏ដូចជាទីភ្នាក់ងាររដ្ឋពី៣០ មកនៅ២២ កាលពីខែកុម្ភៈ ដែលជាលទ្ធផលបានធ្វើឱ្យបាត់បង់ការងារ ២៣ ០០០កន្លែង។

គួរបញ្ជាក់ថា មេដឹកនាំកំពូលវៀតណាម លោក To Lam កន្លងមកបាននិយាយថា ការរុះរើរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ប្រទេស ក្នុងទ្រង់ទ្រាយធំបែបនេះ គឺជារឿងចាំបាច់ ប្រសិនបើវៀតណាមចង់សម្រេចបាន ការអភិវឌ្ឍដែលឆាប់រហ័ស មានស្ថិរភាព និងនិរន្តរភាព។ មានតែខេត្តនិងទីក្រុងចំនួន១១ប៉ុណ្ណោះ ដែលមិនត្រូវបានផ្លាស់ប្តូរ ខណៈខេត្តក្រុងដទៃទៀត ត្រូវបានរួមបញ្ចូលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News