ព័ត៌មានអន្តរជាតិ June 13, 2025

យន្តហោះ Air India ចុះចតជាបន្ទាន់នៅប្រទេសថៃ ក្រោយទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក

Liny Chan

(បាងកក)៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ នៅពេលវាចុះមកដល់ដីវិញ ប៉ុន្តែពុំមានព័ត៌មានផ្លូវការថា តើការគំរាមជារឿងពិតប្រាកដ ឬក៏គ្រាន់ជាការបំភ័យក្លែងក្លាយ នោះឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner មួយគ្រឿង របស់អាកាសចរណ៍ Air India បានធ្លាក់នៅឯប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ដើម្បីឆ្ពោះទៅចក្រភពអង់គ្លេស។ ជាលទ្ធផល សោកនាដកម្មនោះ បានសម្លាប់មនុស្សជាង២៤០នាក់ ដោយមានតែម្នាក់គត់ ដែលបានរួចរស់ជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News