Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ម៉ាឡេស៉ី កំពុងពិចារណាសង់ជញ្ជាំងព្រំដែនជាមួយថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធសារធាតុខុសច្បាប់ និងសកម្មភាពខុសច្បាប់ដទៃទៀត

BY Liny Chan June 24, 2025
ម៉ាឡេស៉ី កំពុងពិចារណាសង់ជញ្ជាំងព្រំដែនជាមួយថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធសារធាតុខុសច្បាប់ និងសកម្មភាពខុសច្បាប់ដទៃទៀត

(គូឡាឡាំពួ)៖ ក្រសួងមហាផ្ទៃនៃប្រទេសម៉ាឡេស៉ី កំពុងពិចារណាសាងសង់ជញ្ជាំងអចិន្រ្តៃយ៍មួយ នៅបណ្តោយព្រំប្រទល់ជាមួយថៃ ក្នុងរដ្ឋ Kelantan ដើម្បីបម្រើជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរឹតបន្តឹងសន្តិសុខព្រំដែន នៅតាមតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានម៉ាឡេស៉ី Bernama បានរាយការណ៍ថា អនុរដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៉ី លោក Shamsul Anuar Nasarah ធ្លាប់បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាលយកចិត្តទុកជាខ្លាំងលើសុវត្ថិភាពព្រំដែន ជាពិសេសនៅតាមតំបន់ដែលងាយទទួលរងសកម្មភាពរត់ពន្ធផ្សេងៗ រួមមានទាំងការរត់ពន្ធគ្រឿងញៀន។ លោកបានព្រមានថា បរាជ័យក្នុងការធានាសុវត្ថិភាពតំបន់ទាំងនេះ អាចនាំទៅរកការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរ។ លោកអនុរដ្ឋមន្រ្តីបន្តថា ខាងក្រសួងមហាផ្ទៃម៉ាឡេស៉ី កំពុងធ្វើការជិតស្និទ្ធជាមួយប៉ូលិស និងស្ថាប័នអនុវត្តច្បាប់ផ្សេងៗទៀត ដើម្បីវិភាគទិន្នន័យ និងកំណត់ទីតាំង ដែលត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធសន្តិសុខប្រសើរជាងមុន ដូចជាប្រព័ន្ធឃ្លាំមើល និងរនាំងឬជញ្ជាំងព្រំដែន។

គួរបញ្ជាក់ថា បើតាមលោក Shamsul Anuar ចំណាត់ការសន្តិសុខព្រំដែននេះ នឹងមិនមែនត្រឹមតែនៅរដ្ឋ Kelantan ប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចដាក់ចេញនៅទូទាំងប្រទេសតែម្តង ដោយអាស្រ័យលើដំណើរការវាយតម្លៃការគំរាមកំហែងនិងហានិភ័យ ព្រោះអ្វីដែលសំខាន់បំផុតនោះ គឺធានាឱ្យបានថា ព្រំដែនជាតិរបស់ម៉ាឡេស៉ី មានសុវត្ថិភាពយ៉ាងពិតប្រាកដ មានការឃ្លាំមើលដិតដល់ ហើយមិនអាចបំពានបានដោយងាយៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: