តួលេខមនុស្សបាត់បង់ជីវិតកើនដល់៥០នាក់ និងបាត់ខ្លួនរាប់សិបនាក់ទៀត ក្រោយទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ Texas សហរដ្ឋអាមេរិក
(អាមេរិក)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនមនុស្សបាត់បង់ជីវិត ក្រោយការវាយប្រហារនៃគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅភាគកណ្តាលរដ្ឋ Texas បានកើនដល់យ៉ាងហោច៥០នាក់ហើយ ខណៈក្រុមសង្រ្គោះកំពុងបន្តស្វែងរកអ្នកដែលបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥។

តំបន់ដែលមានអ្នកបាត់បង់ជីវិតច្រើនជាងគេ គឺ Kerr County ចំនួន៤៣នាក់ ហើយមានអ្នកបាត់ខ្លួនយ៉ាងហោច២៧នាក់។ ចំណែកនៅ Burnet County មនុស្ស៣នាក់ ត្រូវរាយការណ៍ថាស្លាប់ និង២នាក់បាត់ខ្លួន ខណៈនៅ Travis County វិញ មនុស្សយ៉ាងតិច៤នាក់ក៏បានបាត់បង់ជីវិតផងដែរ ហើយ១៣នាក់បាត់ខ្លួន។ អាជ្ញាធររដ្ឋ Texas បាននិយាយថា មកទល់ពេលនេះ មនុស្សជាង៨៥០នាក់ ត្រូវបានជួយសង្រ្គោះ ដោយមានអ្នកខ្លះនៅតោងនឹងដើមឈើ ហើយតួលេខអ្នកស្លាប់ អាចនឹងបន្តកើនខ្ពស់ថែមទៀត។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើបានកើតឡើងភ្លាមៗ នៅពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងលើសការព្យាករ បណ្តាលឱ្យទឹកនៅទន្លេ Guadalupe ហក់ឡើងកម្ពស់ប្រមាណ៨ម៉ែត្រ ក្នុងរយៈពេលត្រឹមជាង៤០នាទី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាហេតុធ្វើឱ្យអាជ្ញាធរក៏ដូចជាប្រជាជននៅក្នុងតំបន់ មិនបានត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន។ វាត្រូវបានចាត់ទុកជា គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ សម្រាប់រដ្ឋ Texas៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





