Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៉ីរ៉ង់ បង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីសង្រ្គា.មជាមួយអ៉ីស្រាអែល

BY Nisaiy KP July 6, 2025
មេដឹកនាំកំពូលអ៉ីរ៉ង់ បង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីសង្រ្គា.មជាមួយអ៉ីស្រាអែល

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរយៈពេល១២ថ្ងៃ ជាមួយប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងវីដេអូនៃការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ គេឃើញលោក Khamenei បានចូលរួមក្នុងពិធីសាសនាមួយនៅឯព្រះវិហារ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់វ័យ៨៦ឆ្នាំ ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៩រូបនេះ កាលពីសប្តាហ៍កន្លងទៅ ក៏បានថ្លែងសុន្ទរកថាមួយផងដែរ ក្នុងឃ្លីបវីដេអូដែលត្រូវបានថតទុកជាមុន ប៉ុន្តែលោកមិនបានបង្ហាញវត្តមានជាសាធារណៈឡើយ ចាប់តាំងពីអ៉ីស្រាអែលបានបង្កសង្រ្គាម ដោយបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃទី១៣ ខែមិថុនា។ វត្តមាន​ជាសាធារណៈចុងក្រោយបង្អស់របស់លោក Khamenei គឺ២ថ្ងៃមុននោះ នៅពេលដែលលោកបានជួបជាមួយក្រុមសមាជិកសភាអ៉ីរ៉ង់។

អ៉ីស្រាអែលបានអះអាងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន មានគោលដៅរារាំងអ៉ីរ៉ង់មិនឱ្យអភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ បើទោះបីជាទីក្រុងតេហេរ៉ង់ បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានមហិច្ឆតាបែបនេះក៏ដោយ។ បើតាមការអះអាងរបស់អ៉ីរ៉ង់ មុនមានបទឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនា ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សច្រើនជាង ៩០០នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើមៗ។ រីឯបើតាមអាជ្ញាធរអ៉ីស្រាអែល ការបាញ់មីស៉ីលសងសឹករបស់អ៉ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោច២៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: