Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រោយការប្រកាសពីអត្រាពន្ធ ជប៉ុនថានឹងបន្តស្វែងរកការចរចាជាមួយអាមេរិក

BY Liny Chan July 8, 2025
ក្រោយការប្រកាសពីអត្រាពន្ធ ជប៉ុនថានឹងបន្តស្វែងរកការចរចាជាមួយអាមេរិក

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយថា លោកនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ ២៥ភាគរយលើទំនិញនាំចូលពីជប៉ុន ចាប់ពីថ្ងៃទី១ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថែមថា «ជប៉ុននឹងស្វែងរកឱកាសនៃកិច្ចព្រមព្រៀងមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ តំណាលគ្នានឹងការការពារផលប្រយោជន៍ជាតិ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមជូនដំណឹងដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន អំពីអត្រាពន្ធគយដែលត្រូវដំឡើង ប៉ុន្តែក្រោយមកបានបង្ហាញឆន្ទៈក្នុងការពន្យារពេលអនុវត្ត ប្រសិនបើប្រទេសនានា ដាក់សំណើដែលអាចទទួលយកបានត្រឡប់មកវិញ។ ទោះជាទីក្រុងតូក្យូ និងទីក្រុងវ៉ាស៉ីនតោន មិនទាន់មានកិច្ចព្រមព្រៀង តែលោក Ishiba បានកត់សម្គាល់ថា ការពិភាក្សានាពេលថ្មីៗនេះ បានជួយឱ្យជប៉ុនរួចផុតពីការយកពន្ធខ្ពស់ចន្លោះ ៣០ភាគរយទៅ ៣៥ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: