Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រោយកិច្ចចរចាបរាជ័យ លោក ត្រាំ គំរាមយកពន្ធ ៣០ភាគរយលេី EU និង ម៉ិកស៉ិក

BY Nisaiy KP July 13, 2025
ក្រោយកិច្ចចរចាបរាជ័យ លោក ត្រាំ គំរាមយកពន្ធ ៣០ភាគរយលេី EU និង ម៉ិកស៉ិក

(វ៉ាស៉នតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកិច្ចចរចាជាច្រើនសប្តាហ៍មកនេះ មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។

ការគំរាមដាក់ពន្ធរបស់លោក ត្រាំ ត្រូវបានប្រកាសនៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ផ្ញេីទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នាថ្ងៃសៅរ៍នេះ។ មន្ត្រីសហភាពអឺរ៉ុប ៣នាក់បានប្រាប់ Reuters ថាការគំរាមរបស់លោក ត្រាំ គឺជាយុទ្ធសាស្ត្រចរចា។

សហភាពអឺរ៉ុប និងម៉ិកស៊ិក​ ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ លិខិតដាក់ថ្ងៃឱសានវាទទី១ ខែសីហា របស់លោក ត្រាំ ត្រូវបានផ្តល់ទៅឱ្យប្រទេសគោលដៅ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចបន្ថយអត្រាពន្ធ។

ក្នុងសប្តាហ៍នេះ លោក ត្រាំ ក៏បានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំនួន ២៣ផ្សេងទៀតផងដែរ រួមទាំងកាណាដា ជប៉ុន និងប្រេស៊ីល ដោយកំណត់អត្រាពន្ធចន្លោះពី ២០ភាគរយរហូតដល់ ៥០ភាគរយ ក៏ដូចជាពន្ធ ៥០ភាគរយលើទង់ដែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: