ឆេះសាឡាងដឹកអ្នកដំណើរនៅឥណ្ឌូណេស៉ី បណ្ដាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត ខណៈជាង ៥០០នាក់ ត្រូវបានជួយសង្រ្គោះ
(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃចន្ទ ទី២១ ខែកក្កដា បានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និងជាង៥០០នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយសាឡាងដឹកអ្នកដំណើរធំមួយ បានរងការឆាបឆេះនៅក្បែរកោះ Sulawesi។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ឆ្មាំសមុទ្រឥណ្ឌូណេស៉ី បានប្រាប់ថា អ្នកដំណើរដែលភ័យស្លន់ស្លោ បាននាំគ្នាលោតចូលទៅក្នុងទឹក ប៉ុន្តែដោយមានពាក់អាវពោង បន្ទាប់ពីអគ្គិភ័យសន្ធោសន្ធៅមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅលើសាឡាងឈ្មោះ KM Barcelona 5 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Manado នៃខេត្ត Sulawesi ខាងជើង។
អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា មនុស្សយ៉ាងហោច ៥៦៨នាក់ ត្រូវបានជួយសង្រ្គោះចេញពីសាឡាងនិងពីផ្ទៃទឹក ខណៈ៣នាក់ផ្សេងទៀត ត្រូវបានរកឃើញថាស្លាប់។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាឡាងនោះមានសមត្ថភាពផ្ទុកមនុស្សបានសរុបប្រហែល៦០០នាក់។
គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ កើតមានឡើង ក្រោយកាលពីអំឡុងដើមខែកក្កដានេះ មានសាឡាង ១គ្រឿងផ្សេងទៀត បានលិចនៅក្បែរកោះទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌូណេស៉ី គឺកោះ Bali ដោយសារតែជួបអាកាសធាតុអាក្រក់ ហើយបណ្តាលឱ្យមនុស្សយ៉ាងហោច១៩នាក់ បាត់បង់ជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



