លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ក្នុងនោះរួមមានពន្ធបដិការ ១៥ភាគរយ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយជប៉ុន ដែល លោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ កាលពីដើមខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងយកពន្ធគយបដិការ ២៥ភាគរយលើជប៉ុនចាប់ពីថ្ងៃទី១ ខែសីហា។ នៅថ្ងៃពុធ ទី២៣ ខែកក្កដានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបញ្ជាក់ថាលោកចាំបាច់ត្រូវពិនិត្យលើសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុននឹង ធ្វើការអត្ថាធិប្បាយ។ ប៉ុន្តែលោកបានអះអាងថារដ្ឋាភិបាលរបស់លោកយល់ថាកិច្ចព្រមព្រៀងនេះនឹងការពារផលប្រយោជន៍ជាតិរបស់ជប៉ុន។
គួរបញ្ជាក់ថា ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ លោក ត្រាំ បានលើកឡើងថាជប៉ុននឹងបើកចំហពាណិជ្ជកម្ម សម្រាប់រថយន្ដ រថយន្ដធុនធ្ងន់ អង្ករ និងផលិតផលកសិកម្មមួយចំនួន រួមទាំងផលិតផលមួយចំនួនទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

