ព័ត៌មានអន្តរជាតិ July 23, 2025

ថៃបន្តទទួលរងចំហាយពីសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា ដោយដ្រូនអត្ត-ឃាត ១គ្រឿង ទើបធ្លាក់នៅព្រំដែនរបស់ខ្លួន

Liny Chan

(ណៃពិដោ)៖ យោធានៃប្រទេសថៃ បានឱ្យដឹងថា យន្តហោះដ្រូន១គ្រឿងរបស់យោធាមីយ៉ាន់ម៉ា ដែលមានគោលដៅលើ​ក្រុមឧទ្ទាមប្រឆាំងរបបសឹក បានធ្លាក់នៅព្រំដែនរបស់ថៃ ជាហេតុនាំឱ្យទីក្រុងបាងកក សម្តែងការតវ៉ាជាផ្លូវការជុំវិញ​ផលប៉ះពាល់ ដែលបន្តជ្រាបចូលមកក្នុងប្រទេសខ្លួន ពីសង្រ្គាមស៉ីវិលដែលបានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ យោធាថៃបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្លួនបានប្រទះឃើញ យន្តហោះដ្រូនខាងលើ ដែលជាប្រភេទដ្រូនអត្តឃាត កាលពីថ្ងៃចន្ទនៅក្នុងព្រៃនៃខេត្ត Tak ត្រង់ចំណុចចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ក្នុងព្រំដែនថៃ។ តាមសេចក្តីថ្លែងការណ៍ដដែល ការស៉ើបអង្កេតជាបឋមបង្ហាញថា ដ្រូននោះជារបស់យោធាមីយ៉ាន់ម៉ា ហើយមានគោលដៅ​វាយប្រហារលើកងកម្លាំងក្រុមឧទ្ទាម ប៉ុន្តែហាក់បានបាត់បង់ការគ្រប់គ្រង រួចហើយក៏ធ្លាក់ចូលទឹកដីរបស់ថៃ។

យោធាថៃបានបន្តថា ពុំមានជនស៉ីវិលណាម្នាក់រងរបួសនិងបាត់បង់ជីវិត ហើយមិនមានការខូចខាតទ្រព្យសម្បត្តិ​ ត្រូវបានរាយការណ៍ ដោយសារតែឧប្បត្តិហេតុនេះឡើយ ខណៈការសម្តែងការតវ៉ាជាផ្លូវការជុំវិញហេតុការណ៍នេះ ត្រូវបានដាក់ទៅភាគីមីយ៉ាន់ម៉ា តាមរយៈយន្តការកិច្ចសន្ទនាព្រំដែនរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា តំបន់ភាគខាងលិចប្រទេសថៃ ជារឿយៗបានរងគ្រោះផលប៉ះពាល់បណ្តាលមកពីជម្លោះ ដែលបានផ្ទុះឡើងនៅឯមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិល កាលពីឆ្នាំ២០២១មក។ ទាហានរដ្ឋាភិបាលយោធា ដែលរត់ចោលជួរ ជនភៀសខ្លួនស៉ីវិលដែលរត់ភៀសខ្លួន ក៏ដូចជាជនចំណាកស្រុកដែលជួបការលំបាកខ្លាំងផ្នែកសេដ្ឋកិច្ច ជាញឹកញាប់ ​បាននាំគ្នាលួចឆ្លងព្រំប្រទល់រវាងប្រទេសទាំងពីរ ដែលមានប្រវែង២៤០០គីឡូម៉ែត្រ ដោយខុសច្បាប់។ ផ្ដល់សិទ្ធិដោយ៖ Fresh News