ឯកអគ្គរាជទូតថៃ គេចមិនហ៊ានឆ្លើយជាមួយក្រុមអ្នកកាសែតនៅ UN ក្រោយនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ ខុសស្រឡះពីអ្នកតំណាងរបស់កម្ពុជា
(ញូវយ៉ក)៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់លក្ខណៈបិទទ្វារ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា (ពេលវេលានៅញូវយ៉ក) បានបិទបញ្ចប់ទៅវិញ ឯកអគ្គរាជទូតថៃ និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃ ប្រចាំនៅ UN លោក Cherdchai Chaivaivid ត្រូវគេកត់សម្គាល់ឃើញថា ហាក់មិនហ៊ានផ្តល់អត្ថាធិប្បាយអ្វី ជាមួយក្រុមអ្នកកាសែតឡើយ ដែលផ្ទុយស្រឡះពីឯកអគ្គរាជទូតកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធបង្កឡើងដោយប្រទេសថៃ មកលើប្រទេសកម្ពុជា លោក កែវ ឈា ដែលជាឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅ UN បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាបានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ហើយយើងក៏អំពាវនាវរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ជម្លោះផងដែរ»។
លោកឯកអគ្គរាជទូតកម្ពុជា បានបន្តទៀតថា «ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពគ្នាទទូចឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ប្រកាន់ភាពអត់ធ្មត់ជាអតិបរមា ហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកការទូត។ នេះក៏ដូចជាអ្វីដែលយើងអំពាវនាវចង់បានដែរ»។
គួរបញ្ជាក់ថា ក្រៅតែពីឯកអគ្គរាជទូតកម្ពុជា គឺពុំមានអ្នកណាផ្សេងទៀតដែលបានចូលរួមកិច្ចប្រជុំ នៅផ្តល់ការអត្ថាធិប្បាយជាមួយក្រុមអ្នកកាសែតឡើយ រាប់បញ្ចូលទាំងឯកអគ្គរាជទូតថៃ លោក Cherdchai ដែលបានខំប្រឹងនិយាយភូតកុហកបំភ្លៃការពិត ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនប្រាប់ទៅកាន់អង្គប្រជុំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

