ព័ត៌មានអន្តរជាតិ July 30, 2025

ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ ផ្តា-ច់ជីវិតមនុស្ស ៩នាក់ និង ២នាក់របួសធ្ងន់

Liny Chan

(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែកក្កដានេះ មានករណីផ្ទុះរោងចក្រផលិតកាំជ្រួចនៅភាគកណ្តាលប្រទេស បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ Khaosod។

ហេតុការណ៍ផ្ទុះរោងចក្រខាងលើ បានកើតមានឡើង កាលពីខ្ទង់វេលាម៉ោង១១ព្រឹកថ្ងៃពុធនេះ នៅស្រុក Mueang នៃខេត្ត Suphan Buri ភាគខាងជើងទីក្រុងបាងកក។ អាជ្ញាធរខេត្ត Suphan Buri បានឱ្យដឹងនៅលើបណ្តាញសង្គមថា មនុស្ស៩នាក់បានស្លាប់ និង២នាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរ ខណៈក្រុមអ្នកស៉ើបអង្កេត កំពុងព្យាយាមកំណត់មូលហេតុ ដែលនាំឱ្យមានការផ្ទុះ។

គួរបញ្ជាក់ថា ហេតុការណ៍ឆាបឆេះឬផ្ទុះរោងចក្រ គឺជារឿងកើតមានឡើងញឹកញាប់នៅក្នុងប្រទេសថៃ។ តួយ៉ាង កាលពីឆ្នាំ២០២៤ ករណីផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយផ្សេងទៀត ក្នុងខេត្តដូចគ្នាខាងលើ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News